(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានចូលរួមបើកជំរឿនសត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា ដែលធ្វើឡើងនៅសហគមន៍ដងផ្លិត អាហារដ្ឋានត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីគម្រោងព្រៃឡង់បៃតង និងមន្ត្រីជំនាញក្រសួងបរិស្ថាន។
ការជំរឿនរបាយការណ៍សត្វត្មាតនេះ បានសហការរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងក្រសួងបរិស្ថាន ត្រូវបានធ្វើនៅក្នុងតំបន់ចំនួន ៥កន្លែង ដែលមានវត្តមានសត្វត្មាតរស់នៅ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ការជំរឿនសត្វត្មាត បានធ្វើឡើងចំនួន៥ទីតាំងផ្សេងគ្នា រួមមាន៖ នៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រង ក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
តាមការឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា ដែលបានចូលរួមសង្កេតដោយផ្ទាល់នៅអាហារដ្ឋានត្មាតចំណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានថ្លែងថា សត្វត្មាតចំនួន ៣៤ក្បាល បានចុះមកស៊ីសត្វគោងាប់ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោងព្រៃឡង់បៃតង ក្នុងនោះសត្វត្មាតផេះចំនួន ៩ក្បាល ត្មាតភ្លើងចំនួន ៣ក្បាល និងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជំរឿននៅតំបន់ផ្សេងទៀតនៅឡើយទេ។ ការធ្វើជំរឿនកាលខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន៤៤ក្បាល។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ការធ្វើជំរឿនរាប់ចំនួនសត្វត្មាតពេលនេះ គឺមានសារៈសំខាន់ណាស់ដើម្បីឱ្យបានដឹងចំនួនពិតនៃសត្វត្មាតនៅកម្ពុជា និងស្ថានភាពនៃការវិវត្តជុំវិញចំនួនសត្វត្មាតនៅកម្ពុជា។ បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា លទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លងទៅ បង្ហាញថា កម្ពុជាមានសត្វត្មាតទាំង៣ ប្រភេទ មានចំនួន ១៣៧ ក្បាល ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានា ខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។ លោកបន្ថែមថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ដោយសារតែថ្នាំពុល។
ដោយសារតែសត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជា ត្រូវបានគេដឹងថានៅមានសល់សត្វត្មាតច្រើនជាងគេនោះ ក្រសួងបរិស្ថានបានសហការជាមួយអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS អនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិនានា តាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូន បង្កើនការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត។
ជាមួយគ្នានេះ ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕