(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ផែនការសកម្មភាពជាផ្នែកមួយសំខាន់ នៃការខិតខំប្រឹងប្រែងក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្ថាប័នថ្នាក់កណ្ដាលបានដើរតួនាទីសំខាន់។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រសិនបើរដ្ឋបាលមានភាពរឹងមាំបានន័យថា សកម្មភាពទាំងអស់ និងការបម្រើសេវាកម្មដល់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង បានបន្ដទៀតថា ការធ្វើផែនការលើកដំបូង មិនទាមទារភាពល្អឥតខ្ចោះឡើយ ប៉ុន្តែដើម្បីប្រមូលស្វែងរកបញ្ហាផ្សេងៗ យកមកពិភាក្សា និងបន្តបែងចែកការងារនានា។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ផែនការសកម្មភាពនេះ ត្រូវបានរៀបចំ និងដាក់ឆ្លងកិច្ចប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល ចំនួន២លើក និងបានដាក់ឆ្លងកិច្ចប្រជុំ ក្រោមការដឹកនាំរបស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០កន្លងមក។
លោកបន្ថែមថា ផែនការសកម្មភាពនេះជាផែនទីដ៏ជាក់លាក់មួយ ក្នុងការអនុវត្តសកម្មភាពរបស់ អគ្គនាយកដ្ឋានរដ្ឋបាល និងផ្ដោតសំខាន់ទៅលើ ការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារដែលបានប្រគល់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមូលដ្ឋាន និងការលើកកម្ពស់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់។
គួរជម្រាបជូនថា ផែនការសកម្មភាពអនុវត្តឆ្នាំ២០២០ គឺជាឧបករណ៍សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងជាវិធានការ ក៏ដូចជាដំណោះស្រាយ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានា។ ផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវា និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕