(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបប្រជុំពិភាក្សាជាមួយ លោក Nick Beresford អ្នកតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា។

កិច្ចពិភាក្សានេះ ផ្ដោតទៅលើថវិកាដែលគ្រោងទទួលនៅក្នុងឆ្នាំ២០២០ និងត្រូវទទួលបានពីសហគមន៍ម្ចាស់ជំនួយ សម្រាប់ការងារគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (Clearing for Results, Phase IV) 2020-2025។

លោក Nick Beresford បានលើកឡើងថា ដៃគូអភិវឌ្ឍន៍របស់ដំណាក់កាលទី៤ បច្ចុប្បន្នមានដូចជាពីប្រទេសអូស្រ្តាលី ប្រទេសកូរ៉េ អង្គការ UNDP រដ្ឋាភិបាលកម្ពុជា និងមានការចូលរូមពីប្រទេសហូឡង់ផងដែរ ក្នុងគោលបំណងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានគ្រាប់មីននៅឆ្នាំ២០២៥។

លោក Nick Beresford បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលបានជោគជ័យ នៃការងារបោសសម្អាតមីន នាពេលកន្លងមក។ លោកបន្ថែមថា អង្គការ UNDP បានចាត់ទុកវិស័យមីន គឺជាការងារអាទិភាពមួយ និងបានសម្ដែងសុឆន្ទៈ បន្តគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមការដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាជ្ញាធរមីន ថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការ UNDP ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យសកម្មភាពមីនឲ្យទទួលបាននូវភាពជោគជ័យ។

ទេសរដ្ឋមន្រ្តី បានស្នើឲ្យ UNDP បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ក្នុងការកៀរគរធនធានបោសសម្អាតមីនបន្ថែម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ដីមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ និងកាត់បន្ថយជនរងគ្រោះដោយសារមីន ជាពិសេសគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន២០១៨-២០២៥ របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕