(កំពង់ធំ)៖ ស្ត្រីជាអ្នកញៀនល្បែងស៊ីសងចំនួន១៥នាក់ រស់នៅក្នុងភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ បានធ្វើការ អប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង ហើយបានដោះលែងឱ្យត្រលប់ទៅផ្ទះវិញរៀងខ្លួននៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនៃអធិការដ្ឋាន នគរបាល ក្រុងស្ទឹងសែន បានបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចផ្ទះឈ្មោះ ឆឹង សឿន ភេទស្រី នៅក្នុងភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សស្រីចំនួន ១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ បៀចំនួន០២ហ៊ូ, គ្រាប់ខ្លាឃ្លោកចំនួន ៤៥ គ្រាប់, គម្របចំនួន០៣, ចានថ្ម០៦, កម្រាលចំនួន០១, ហានតោចំនួន ០១សន្លឹក, ប្រាក់រៀលចំនួន ៤៧,៥០០រៀល។ ករណីខាងលើនេះសមត្ថកិច្ចនាំយកមនុស្ស និងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនដើម្បីសាកសួរ បានសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើកិច្ចសន្យា អប់រំណែនាំបញ្ឈប់ការលេងល្បែងស៊ីសង ហើយបានឲ្យ ពួកគាត់វិលត្រឡប់ទៅផ្ទះវិញរៀងខ្លួន។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានឃុំ-សង្កាត់ សូមចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ថវិកាទ្រព្យសម្បត្តិ កិត្តិយស ពេលវេលា បង្កអាចឲ្យមានអំពើហិង្សាក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ៕