(ព្រៃវែង)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន២៥ខ្នង បានដួលរលំនិងរបើកដំបូល និងលោកយាយចាស់ជរាម្នាក់បានរងរបួស ដោយសារហេតុការណ៍ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងឃុំពីរ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានបញ្ជាក់ថា នៅស្រុកកំពង់ត្របែកមានគ្រោះធម្មជាតិខ្យល់កន្រ្ដាក់បណ្ដាលឲ្យរំលំផ្ទះប្រជាពលរដ្ឋ ក្នុងឃុំចំនួន២ គឺ ឃុំកន្សោមអក និងឃុំគោខ្ចក បណ្តាលឲ្យផ្ទះ២៥ខ្នងដួលរលំ និងរបើកដំបូល ក្នុងនោះឃុំកន្សោមអក (ភូមិតាទាំង) រលំផ្ទះទាំងស្រុងចំនួន ៧ខ្នង និងប៉ើងដំបូលផ្ទះចំនួន ៧ខ្នង បណ្ដាលឲ្យរងរបួសមនុស្ស១នាក់ ភេទស្រី (ចាស់ជរា) បច្ចុប្បន្នបញ្ចូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ។ ឃុំគោខ្ចក (ប៉ះពាល់ចំនួន០៥ភូមិ) រលំផ្ទះទាំងស្រុង ចំនួន៦ខ្នង ប៉ើងដំបូលផ្ទះចំនួន៥ខ្នង។
លោក យ៉ាវ សានិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀង ខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងជាដើម ហើយត្រូវមើលថែរកូនចៅតូចៗ កុំឲ្យលេងទឹកព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារលង់ទឹក មួយវិញទៀតរដូវវស្សាបានមកដល់សូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍សម្រាប់ធ្វើស្រែចំការ ឲ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិតបន្ថែមទៀត៕