(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនយុវជនម្នាក់ក្រោយខ្លួនបានធ្វើសកម្មភាព លួចថតស្ត្រីចំនួន៣នាក់ ដែលកំពុងងូតទឹកក្នុងបន្ទប់ តាមប្រឡោះឥដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ចំណុចបន្ទប់ទឹកជនរងគ្រោះក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះទាំង ៣នាក់ រួមមាន៖ ឈ្មោះ អ រ ន អាយុ៣៨ឆ្នាំ, ឈ្មោះ គ ព ស ក អាយុ២១ឆ្នាំ, និងឈ្មោះ ម ជ អាយុ២០ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ ម៉ា ចាន់ថៃ ហៅឆង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។
នគរបាលបានរៀបរាប់សាច់រឿងថា ពេលដែលជនរងគ្រោះកំពុងងូតទឹក នៅក្នុងបន្ទប់ទឹករបស់ខ្លួន ស្រាប់តែជនសង្ស័យ ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា យកទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ។ ពេលនោះ ត្រូវបានជនរងគ្រោះឃើញ និងស្រែកឆោឡោ ទើបជនសង្ស័យរត់ចូលក្នុងបន្ទប់ជួលរបស់ខ្លួន។
បន្ទាប់មក ជនរងគ្រោះបានប្រាប់ម្តាយ និងបានហៅជនសង្ស័យ ឲ្យចេញពីក្នុងបន្ទប់ ហើយយកទូរស័ព្ទមកឆែក ក៏ឃើញរូបភាពវីដេអូអាក្រាតកាយ។ ម្តាយជនរងគ្រោះ បានប្តឹងទៅនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ហើយសមត្ថកិច្ចចុះអន្តរាគមន៍ ដោយឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្ត៕