(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ដើម្បីពិនិត្យ ស្វែងយល់ និងធ្វើការសម្របសម្រួលករណីស្តារប្រឡាយទឹកមួយខ្សែ ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ រស់នៅលើខ្នងប្រឡាយនោះ។
ក្នុងការចុះពិនិត្យប្រឡាយទឹកនោះ លោក ជាវ តាយ បានថ្លែងថា គោលនយោបាយកាត់បន្ថយភាពក្រីក្រជាអាទិភាព ក្នុងចំណោមគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ពិសេសប្រព័ន្ធទឹកស្រោចស្រពដំណាំកសិកម្ម គឺជាការងារសំខាន់ និងចាំបាច់។
លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា ការអភិវឌ្ឍអ្វីមួយ តែងមានផលប៉ះពាល់តិចឬច្រើន ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ទើបការងារអភិវឌ្ឍ សម្រេចទទួលបានលទ្ធផលល្អជោគជ័យ។ លោកក៏បានស្នើឱ្យមន្ត្រីជំនាញធ្វើការបោះបង្គោលកំណត់ព្រំប្រឡាយឲ្យបានច្បាស់លាស់ នៅមុនពេលចាប់ដំណើរការស្ដារប្រឡាយនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមសហការ។
បើតាមមន្ត្រីជំនាញ បញ្ជាក់ថា ប្រឡាយមេមួយខ្សែនេះ កសាងឡើងឆ្នាំ១៩៧៦ ឈ្មោះថា ប្រឡាយដើមពោធិ៍ មានប្រវែង ២០គីឡូម៉ែត្រ មានប្រភពនាំទឹកចេញពីអាងទំនប់ទឹកខ្ពបត្របែក និងការទទួលរងផ្ទៃទឹកភ្លៀង ដោយឆ្លងកាត់ឃុំចំនួន៦ របស់ស្រុកអង្គរជ័យ រួមមានឃុំចំប៉ី ឃុំសម្លាញ ឃុំដានគោម ឃុំប្រភ្នំ ឃុំអង្គរជ័យ និងឃុំតានី ដែលមានប្រវែង ១៧,៦គីឡូម៉ែត្រ មាត់លើ ១៣ម៉ែត្រ ជម្រៅ៣ម៉ែត្រ បាត៤ម៉ែត្រ អាចមានសក្ដានុពលស្រោចស្រពលើផ្ទៃដីកសិកម្មជាច្រើនពាន់ហិកតា។
ការអនុវត្តចែកជាបួនដំណាក់កាល ហើយការអនុវត្តបន្តសម្រាប់ដំណាក់កាលទី៤ ឆ្នាំ២០២១ មានប្រវែង៥៦៣ម៉ែត្រ នឹងត្រូវបញ្ចប់ ហើយក្នុងនោះមានជាប់ពាក់ព័ន្ធដល់ផ្ទះរបស់ប្រជាពលរដ្ឋ លើខ្នងប្រឡាយ មានចំនួន១៨គ្រួសារ។ ជាលទ្ធផលក្រោយការសម្របសម្រួលដោះស្រាយ ប្រជាពលរដ្ឋបានអបអរសាទរ និងយល់ព្រមចូលរួមជំរុញឲ្យការងារស្ដារប្រឡាយទឹកមួយខ្សែនេះរួចរាល់ ក្នុងពេលឆាប់ៗនាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពត ក៏បានបន្តដំណើរចុះត្រួតពិនិត្យ ស្វែងយល់អំពីដំណើរការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ របស់សហគ្រាសម្សៅបៀកភ្នំមាស ដែលគ្រោងរៀបចំផលិតឥដ្ឋ សមត្ថភាពផលលិតប្រមាណ ៨០០.០០០ដុំ (ប៉ែតសិបម៉ឺនដុំ)ក្នុងមួយថ្ងៃ។
លោក ជាវ តាយ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយម្ចាស់សហគ្រាសផលិតឥដ្ឋ ឲ្យបានល្អដើម្បីជំរុញការសាងសង់រោងចក្រនេះ ឲ្យបានឆាប់ ប្រយោជន៍សម្រាប់បានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកកំណើនសេដ្ឋកិច្ចជាតិផងដែរ៕