(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម ដើម្បីដាក់ទិសដៅពង្រឹងការងារ របស់នាយកដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងកិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានផ្តាំផ្ញើ និងបានដាក់ចេញ នូវគោលការណ៍យុទ្ធសាស្រ្តមួយចំនួន ដើម្បីតម្រង់ទិសបន្ថែមទៀត ក្នុងការដឹកនាំនាយកដ្ឋាន ឲ្យស្របទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ប្រធាននាយកដ្ឋាន ត្រូវអនុវត្តអភិបាលកិច្ចល្អ ក៏ដូចជាអោបក្រសោបកូនចៅ ប្រើប្រាស់ឲ្យអស់លទ្ធភាពធនធានដែរមាន តួយ៉ាងដូចជាការតែងតាំងត្រូវឆ្លងកាត់ក្រុមប្រឹក្សាវិន័យ ដើម្បីធ្វើការជ្រើសរើសយកមកប្រើឲ្យចំទិសដៅរបស់នាយកដ្ឋាន យ៉ាងណាមិញគ្រប់ការិយាល័យជំនាញត្រូវពង្រឹងឲ្យបាននូវ ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បីឲ្យថ្នាក់ដឹកនាំនាយកដ្ឋានមានភាពប្រាកដប្រជា ក្នុងការប្រើប្រាស់ការិយាល័យជំនាញ។ ម៉្យាងវិញទៀតថ្នាក់ដឹកនាំនាយកដ្ឋាន ត្រូវចេះប្រមូលគៀងគរកូនចៅ ដើម្បីប្រើប្រាស់តាមជំនាញ ដោយមិនត្រូវមើលរំលងគ្នាឡើយ ក៏ដូចជាផ្តល់ក្តីមេត្តាករុណា ដល់កូនចៅក្រោមឱវាទផងដែរ ។

នាយឧត្តមសេនីយ៍ ក៏បានកើនរំលឹកដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម ត្រូវពិនិត្យឲ្យបានម៉ត់ចត់លើយានយន្ត គ្រឿងចក្រ ដែលត្រូវចុះបញ្ជីជាសម្បត្តិរដ្ឋ និងបន្តផ្តល់សុពលភាព ត្រូវប្រើប្រាស់ឲ្យបានម៉ត់ចត់ និងត្រឹមត្រូវ មិនត្រូវបើប្រាស់ឲ្យខុសពីទម្រង់ដើមឡើយ (ដូចជាផ្លាកលេខរថយន្ត «ក» តែប្រើប្រាស់លើរថយន្ត «ខ» ទៅវិញ) នឹងត្រូវជួយថែទាំរថយន្ត និងគ្រឿងចក្ររបស់នាយកដ្ឋានឲ្យបានល្អប្រសើរផងដែរ។

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះលោកបានកៀរគរសប្បុរសជន បានរថយន្តដឹកដីចំនួន០៣គ្រឿង ដើម្បីទុកប្រើប្រាស់ក្នុងនាយកដ្ឋានផងដែរ។

នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើបន្ថែមទៀតថា ក្នុងករណីដែលកងវិស្វកម្មមួយណាក្នុងនាយកដ្ឋាន យករថយន្តនេះទៅប្រើ សូមឲ្យប្រធាននាយកដ្ឋានគិតសេវាពីកងវិស្វកម្មមកវិញ ដើម្បីយកថវិកានោះមកជួយឧបត្ថម្ភដល់មន្ត្រីក្នុងនាយកដ្ឋាន ដែលមានការខ្វះខាត ក៏ដូចជា ប្រើប្រាស់លើសេវាផ្សេងៗរបស់នាយកដ្ឋានផងដែរ៕