(ភ្នំពេញ)៖ របាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត៣៣,៥៨៣ គ្រឿង ត្រូវបានត្រួតពិនិត្យក្នុងនោះមានម៉ូតូ ៧២ភាគរយ។ យានយន្ត ៦,៤២៦គ្រឿង រកឃើញថាល្មើសច្បាប់ចរាចរណ៍ ក្នុងនោះ មានម៉ូតូ ៥៦ភាគរយ។ របាយការណ៍បន្តថា យានយន្ត ៣,៤៦៣គ្រឿង ស្មើ ៥៤ភាគរយ ត្រូវបានធ្វើការអប់រំ ហើយយានយន្ត ២,៩៦៣គ្រឿង ត្រូវបានផាកពិន័យ។
ដោយឡែករបាយការណ៍អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា យានយន្ត ៣២,៧៦២ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះមានម៉ូតូ ៦២ភាគរយ។ យានយន្ត៦,២៩៣គ្រឿង រកឃើញថា ល្មើសច្បាប់ចរាចរណ៍ ក្នុងនោះមានម៉ូតូ ៦៨ភាគរយ។ របាយការណ៍បន្តថា យានយន្ត២,៥៤០គ្រឿង ស្មើ៤០ភាគរយ ត្រូវបានអប់រំ ហើយយានយន្ត ៣,៧៥៣គ្រឿង ត្រូវបានផាកពិន័យ។
បើប្រៀបធៀបរថយន្តល្មើសច្បាប់ចរាចរណ៍ នៅថ្ងៃទី១៧ ខែមករានេះ មានយានយន្ត ៦,៤២៦គ្រឿង កើនឡើងតែជាង ២០០គ្រឿង បើប្រៀបធៀបថ្ងៃម្សិលមិញ (៦,២៩៣គ្រឿង)។
របាយការណ៍បានឲ្យដឹងផងដែរថា លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លុវគោករយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ១៧ ខែមករា ឆ្នាំ២០១៦ មានយានយន្ត ៥២៨,៩៣៨ គ្រឿង ត្រូវបានត្រួតពិនិត្យ។ ក្នុងនោះ យានយន្ត ៤៩,៨៩២គ្រឿង ត្រូវបានផាកពិន័យ មានម៉ូតូ ៦០ភាគរយ ហើយយានយន្ត ៣២,៨៦៨ គ្រឿង ស្មើ ៤៩ភាគរយ ត្រូវបានអប់រំ។
របាយការណ៍នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និង នគរបាលចរាចរណ៍ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃទី១៦ ខែមករា មានមនុស្ស ១០នាក់ បានស្លាប់ និងរបួសធ្ងន់ ៨នាក់ និងរបួសស្រាល ៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕