(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំប្រចាំខេត្តត្បូងឃ្មុំ (ក.ប.ប.) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះ បានចាត់ឲ្យមន្ត្រី ក.ប.ប. បន្តចុះអង្កេតត្រួតពិនិត្យ និងធ្វើតេស្តម្ហូបអាហារ ជាគ្រឿងឧបភោគ និងបរិភោគ ដែលកំពុងដាក់តាំងលក់ក្នុងផ្សារជីពាំងស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យសុវត្ថិភាពទំនិញម្ហូបអាហារ ដើម្បីធានាសុខភាពដក់អ្នកទទួលទាន។

លោក មាស មោរ៉ា បញ្ជាក់ថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តលើគំរូទំនិញរួមមាន៖ ត្រីងៀតសំយ៉ុង ប្រហុក និងផលិតផលណែមសាច់ត្រី។
ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ។

លោក មាស មោរ៉ា ឲ្យដឹងទៀតថា បន្ទាប់មកមន្ត្រីជំនាញ បានបន្តត្រួតពិនិត្យស្លាកសញ្ញាវេចខ្ចប់លើគ្រឿងឧបភោគ បរិភោគ ដូចជាកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ប្រភពផលិត ព្រមទាំងលក្ខខណ្ឌតម្រូវដទៃទៀត ដោយបានពិនិត្យរកឃើញ និងដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖ ទឹកក្រូច និងទឹកផ្លែឈើចំនួន១៤កំប៉ុង ទឹកដោះគោជូ ១០ដប និងនំចំនួន១០០កញ្ចប់។

ក្រៅពីនោះមន្ត្រីជំនាញបានយកគំរូទឹកបរិសុទ្ធផលិតក្នុងខេត្តមួយចំនួនទៀត ដើម្បីពិនិត្យមើលភាពមិនអនុលោមតាមលក្ខខណ្ឌតម្រូវ ចំពោះស្លាកសញ្ញាលើសំបក វេចទឹកបរិសុទ្ធ និងមានវិធានការកែតម្រូវចំពោះផលិតករក្នុងស្រុកដោយសហការជាមួយមន្ទីរពាក់ព័ន្ធ។

លោក មាស មោរ៉ា បានបញ្ជាក់ទៀតថា មន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំ ពីរបៀប ជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឱ្យច្បាស់លាស់ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕