(កណ្ដាល)៖ ស្ថិតនៅក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈអភិបាល ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរៀបចំពិធីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តប្រជុំទី ហៅវត្តក្រពើហា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

ក្នុងនាមគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានសម្តែងក្តីអំណរសាទររីករាយឥតឧបមាប្រកបដោយ ទឹកចិត្តកតញ្ញូតាធម៏ ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ព្រះបញ្ញាញ្ញាណដ៏ឈ្លាសវៃ និងព្រះរាជទ្រព្យផ្ទាល់ខ្លួន ក្នុងបុព្វហេតុសង្គម និងសាសនា ជាពិសេសព្រះរាជសកម្មភាពក្នុងបុព្វហេតុមនុស្សធម៍ ជួយដល់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គដែលជួបប្រទះការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមន្តរាយផ្សេងៗ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះលោក គង់ សោភ័ណ្ឌ បានគោរពថ្វាយសម្តេចព្រះមហាក្សត្រីនូវព្រះមហាសព្ទសាធុការពរបវរសួស្តី មហាសិរីមង្គល វិបុលសុខ និងសូមបួង ដល់គុណព្រះរតនៈត្រ័យ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ជ័ត្រ បារមីព្រះវិញ្ញាណក្ខ័ន អតីតព្រះមហាក្សត្រ មហាក្សត្រីយានីប្រោសព្រំថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះសុខុមាលភាពបរិបូណ៌ ព្រះកាយពលាមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះពុទ្ធពរទាំងប្រការគឺ អាយុ វណ្ណៈ សុខពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកអភិបាលខេត្ត បាននាំយកចង្ហាន់ និងទេយ្យទានមាន៖ អង្ករ១តោន មី២០កេស ទឹកបរិសុទ្ធ២០កេស ត្រីខកំប៉ុង២០០កំប៉ុង ទឹកក្រូច១០កេស និងបច្ច័យសម្រាប់កសាងចំនួន ២លានរៀល ជូនដល់គណៈកម្មាការវត្ត។ ជាកិច្ចបន្ទាប់លោក គង់ សោភ័ណ្ឌ បានបន្តប្រារព្វពិធីបង្សុកូល រាប់បាត្រ ព្រះសង្ឃចំនួន៧៥អង្គ តាមប្រពៃណីព្រះពុទ្ធសាសនាដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជព្រះមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

សូមជម្រាបជូនថា ទេយ្យទាន ដែលបានប្រគេនដល់ព្រះសង្ឃនាពិធីនេះមាន៖ ចង្ហាន់ ស្លាដក់ និងបច្ច័យ៥ម៉ឺនរៀល ដោយឡែកព្រះចៅអធិការវត្តប្រគេនបច្ច័យ ១២ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង សូត្រស្តាំបច្ច័យ១០ម៉ឺនរៀល យាជី តាជី គណៈកម្មាការអាចារ្យ ព្រមទាំងក្រុមភ្លេងពិណ្យពាទ ក្នុងម្នាក់ៗបច្ច័យ២ម៉ឺនរៀលផងដែរ៕