(ភ្នំពេញ)៖ ក្នុងគោលបំណងទប់ស្កាត់ការចរាចរ ផលិតផលខ្វះភាព អនុលោមតាមបញ្ញត្តិ ឬបទដ្ឋានបច្ចេកទេស ដែលជាកត្តាបង្កគ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងការក្លែងបន្លំទាំងបរិមាណ និងគុណភាពទំនិញ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការណែនាំរបស់ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ, មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម បានបន្តយុទ្ធនាការ ត្រួតពិនិត្យផលិតផលសមុទ្រស្រស់ នៅទីតាំងចែកចាយផលិតផលសមុទ្រ ស្រស់ជាច្រើនកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ត្រឡោកបែក ក្នុងភូមិសាស្រ្តខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សកម្មភាពនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យរកភាព មិនអនុលោមរបស់ផលិតផលសមុទ្រស្រស់ មានដូចជាការលួចប្រើប្រាស់សារធាតុគីមី ហាមឃាត់រក្សាទុកបានយូរ (Formalin) ការប្រើប្រាស់ សារធាតុ CMC (ចាហួយ) ដើម្បីបន្ថែមទម្ងន់លើបង្គាស្រស់។ល។

បន្ទាប់ពីបានត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ របស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដោយមន្រ្តីជំនាញពុំបានរកឃើញភាព មិនអនុលោមណាមួយ លើផលិតផលសមុទ្រស្រស់ ទាំងនោះឡើយ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមថ្លែងអំណរគុណ ចំពោះបងប្អូនអាជីវករ ដែលបានសហការ និងគោរពតាមការណែនាំ របស់មន្រ្តីជំនាញ អគ្គនាយកដ្ឋាន និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់ការសហការ តាមរយៈការផ្តល់ដំណឹង ដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់វិធានការ ប្រសិនបើ បងប្អូនរកឃើញ ឬមានការសង្ស័យថា ផលិតផលណាមួយមានភាពមិនប្រក្រតី តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕