Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឱ វណ្ណឌីន បន្តបើកកិច្ចប្រជុំជាមួយអភិបាលខេត្តមណ្ឌលគិរី ដើម្បីជំរុញការទប់ស្កាត់ជំងឺកូវីដ១៩ និងកម្ចាត់ជំងឺគ្រុនចាញ់

09-06-2020 16:07

(មណ្ឌលគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង Dr. Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានរួមគ្នាបើកកិច្ចប្រជុំមួយ នៅសាលាខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីអង្គការដៃគូជាតិ និងអន្តរជាតិ មន្រ្តីរាជការ មន្រ្តីមន្ទីរសុខាភិបាលយ៉ាងច្រើនកុះករ។

បេសកកម្មរបស់លោកស្រី ឱ វណ្ណឌីន និង Dr. Ailan Li នៅខេត្តមណ្ឌលគិរី បានធ្វើឡើងទាក់ទងនឹងការជំរុញក្នុងការទប់ស្កាត់ ការផ្ទុះឡើងរលកទី២ នៃជំងឺកូវីដ១៩ និងកម្ចាត់គ្រុនចាញ់។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកដៃសំពះអាជ្ញាធរខេត្តមណ្ឌលគិរី ជាពិសេសលោកអភិបាលខេត្តមណ្ឌលគិរី ឲ្យជួយរួមសហការគ្នា ដើម្បីធ្វើការទប់ស្កាត់ កុំឲ្យកើតមានការឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ នៅក្នុងខេត្តនេះ។

បន្ថែមលើនេះទៅទៀត លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តមណ្ឌលគិរី គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ប្រចាំភាគឥសាននៃប្រទេសកម្ពុជា ដែលសព្វថ្ងៃខេត្តមួយនេះ ត្រូវបាននិងកំពុងមានលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ហើយអ្នកទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ កំពុងមានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាស ឲ្យបានត្រឹមត្រូវនោះទេ។

លោកស្រីបានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធធ្វើយ៉ាងណា ចុះណែនាំដល់ផ្ទះសំណាក់ អូតែល អាហារដ្ឋាន រមណីយដ្ឋាន សូមធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យមានអនាម័យត្រឹមត្រូវ។ ជាពិសេសភ្ញៀវចូលមកកម្សាន្តទីនេះ កុំលែងដៃ ឬធ្វេសប្រហែសឲ្យសោះ។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេចកូវីដ១៩ ព្រោះកូវីដ១៩ មិនភ្លេចយើងទេ»

ក្រោយបញ្ចប់កិច្ចប្រជុំនាព្រឹកនេះដែរ លោកស្រី ឱ វណ្ណឌីន និង Dr. Ailan Li ព្រមទាំងក្រុមការងារបានបន្តបេសកកម្មរបស់ផងខ្លួនទៅកាន់ស្រុកកោះញែក ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ៕