(កំពង់ធំ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមផ្លូវជាតិលេខ៦ ភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ រវាងរថយន្ត និងម៉ូតូក្នុងទិសដៅច្រាស ទិសគ្នាបណ្តាលឲ្យ ជនរងគ្រោះជាប្តីរបួសធ្ងន់ រីឯប្រពន្ធបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AH-2470 ទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណគេចខ្លួនបាត់។

ដោយឡែក ជនរងគ្រោះបើក ម៉ូតូម៉ាកសង់ C125 (015)ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1EH-5216 បើកបរពីត្បូងមកជើងបត់ធ្វេង បើកបរដោយ ជីវ ប្រុស អាយុ៣៧ឆ្នាំ របួសក្បាលធ្ងន់ និងអ្នករួមដំណើរឈ្មោះ ច្រិក សុខខេង អាយុ២៥ឆ្នាំ ជាប្រពន្ធរបួសធ្ងន់បាក់ជើងស្តាំ មួយចំហៀង ត្រូវបានបញ្ជូនទៅពេទ្យ ប៉ុន្តែបានស្លាប់តាមផ្លូវ។

ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិសិរីចំប៉ា ឃុំជ្រលង ស្រុកបារាយណ៍។ មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ថា មូលហេតុមកពីអ្នកជិះម៉ូតូបត់ធ្វេងមិនប្រុងប្រយ័ត្ន។ សម្រាប់រថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីបំពេញតាមនីតិវិធីច្បាប់៕