(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៧ ខែមករា ២០១៥ មកទល់ម៉ោង៦៖២០ល្ងាច តាមស្ថិតិផ្លូវការរបស់ Facebook.com និង SocialBakers.com គឺបានបង្ហាញឲ្យឃើញថាទំព័រ (Page) សម្តេចតេជោ ហ៊ុន សែន គឺទទួលបានការគាំទ្រ និងចូលចិត្តកើនឡើងដល់ 1,903,750។ រីឯទំព័រ លោក សម រង្សី ចំនួនអ្នក Likes ទាំងអស់គឺ (2,037,162)។
តាមការបញ្ជាក់របស់ www.socialbakers.com ប្រចាំថ្ងៃ គឺចំនួនអ្នកគាំទ្រចូលចិត្តសម្តេចតេជោ ហ៊ុន សែន គឺកើនឡើងទ្វេរដងរហូតដល់(11,752 ) fans, រីឯ លោក សម រង្សី គឺមានអ្នកចូលចិត្ត (3,227 fans) និង លោក កឹម សុខា (834 fans)។
ប្រជាពលរដ្ឋដែលបានតាមដានព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គម Facebook បានសរសេរលើបណ្តាញសង្គមថា៖ «សម្តេចតេជោ ដែលបានកសាងសង្គមជាតិ រីកចម្រើនមកទល់សព្វថ្ងៃហើយ ហើយតែងតែនៅជិតជាមួយប្រជាពលរដ្ឋជានិច្ច។ អ្នកនយោបាយភាគច្រើន ដែលបានត្រឹមតែសន្យា តែគ្មានសមត្ថភាពធ្វើអ្វីមួយ ក្រៅតែអំពីការរិះគន់វាយប្រហារធ្វើប្រជាភិថុតិ ដើម្បីអំណាចតែមួយមុខដែលពលរដ្ឋ នឿយណាយ មិនចង់ឃើញប្រទេសជាតិធ្លាក់ទៅក្នុងភាពហិនហោចដដែលៗ។
ប្រជាពលរដ្ឋដដែលរូបនោះ បានសរសេរយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋភាគច្រើនងាកមកគាំទ្រ សម្តេចតេជោ ហ៊ុន សែន តាមរយៈការ បញ្ចេញសម្លេងមតិយោបល់តាមទំព័រហ្វេសប៊ុក សម្តេចតេជោ ដែលកំពុងពេញនិយមបំផុតនៅកម្ពុជា។ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួន ទៀតនិយាយថា បើសម្តេចយកចិត្តទុកដាក់ជួយ ប្រជាពលរដ្ឋ ដូចអ្វីដែលសម្តេចបានធ្វើកន្លងមកថ្មីៗនេះ រួមទាំងការបន្ឋូរបន្ថយអំពីប័ណ្ណបើកបរ ដកយកអង្គរវត្តមកគ្រប់គ្រង ដកយកផ្លូវវេងស្រេង និង ចុងក្រោយដកយកផ្លូវជាតិលេខ៤ មកគ្រប់គ្រងដោយរដ្ឋ ទោះបីសម្តេចគ្រប់គ្រងប្រទេស១០០ឆ្នាំទៀតក៏ព្រមដែរ»។
សូមជំរាបថា Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំងនិងកើនឡើងយ៉ាងឆាប់រហ័ស។ ដោយគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ចំនួនអ្នកគាំទ្រ Facebook របស់សម្តេចតេជោ មានរហូតដល់ទៅ ១,៩ លាននាក់។ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា មានអ្នកចូលចុច Like គ្រប់វិនាទី ពោលរាល់ការ Refresh Page តែងឃើញមានចំនួនអ្នកចុច Like កើនឡើងជានិច្ច។
នៅកម្ពុជា Facebook បានក្លាយទៅជាមជ្ឈមណ្ឌលចែកចាយព័ត៌មានមួយដ៏ធំទាំងរឿងផ្ទាល់ខ្លួន រឿងសាធារណៈ រឿងអយុត្តិធម៌ សង្គម បូករួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដែលកើតមានប្រចាំថ្ងៃនៅកម្ពុជា ភាគច្រើនត្រូវបានគេរំលេចឡើងលើទំព័រ Facebook។ តាមរយៈទំព័រ Facebook នេះ គេមើលឃើញថា ជួយបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រមុខដឹកនាំចង្កូតនាវាកម្ពុជា ជាមួយប្រជាពលរដ្ឋ ដោយអាចឆ្លើយឆ្លង និង អាចចែករំលែកភាពសប្បាយ ទុក្ខកង្វល់ ក៏ដូចជាផលលំបាកនានា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់៕