(ភ្នំពេញ)៖ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ការសហការគ្នារវាងកម្ពុជា និងចិន ដោយតម្រូវឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញក្នុងពេលឆាប់ៗ។
ការលើកឡើងបែបនេះ របស់លោក Wang Wentain ធ្វើឡើងក្នុងពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន» រវាងលោក Wang Wentain និងលោក វេង សាខុន រដ្ឋន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកអគ្គរដ្ឋទូតចិន ក៏បានសម្តែងក្ដីសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលភាគីទាំង២សម្រេចបាននាពេលនេះ។
ឯកអគ្គរដ្ឋទូតបានថ្លែងថា «ពិធីថ្ងៃនេះនឹងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជា ហូរចូលទីផ្សារចិន ពិតណាស់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ១៩ ឱ្យមានកំណើនប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខណៈដែលវិស័យកាត់ដេរ កំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
ឯកអគ្គរដ្ឋទូតក៏បង្ហាញពី ក្តីសង្ឃឹមនិងជឿជាក់ថា តាមរយៈពិធីសារនេះវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការ នឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន ហើយសង្ឃឹមថា ពិធីសារលើការនាំចេញផលិតផលកសិកម្មផ្សេងៗទៀត នឹងកើតមានឡើងជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់គិតគូរ និងឆ្លើយតបជាវិជ្ជមានទាន់ពេល នូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។
លោកបានថ្លែងថា «ចំពោះវិស័យកសិកម្មរដ្ឋាភិបាលចិន បានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់៤០ម៉ឺនតោន ក្នុងមួយឆ្នាំហើយជិតពីរឆ្នាំកន្លងមកនេះ បានអនុញ្ញាតឲ្យកម្ពុជា នាំចេញចេកអំបូងលឿងត្រង់ទៅកាន់ទីផ្សារចិន ដែលត្រូវការ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរ បាន និង កំពុងពិភាក្សាអំពីពីនីតិវិធី និងលក្ខខណ្ឌតម្រូវហើយ និងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័ត លើឯកសារសំណើនាំចេញ ម្រេច មៀនប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថាកិច្ចការនេះ នឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ»។
រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា តាមរយៈការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់ របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរ ដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើន អនេកដែលកសិករម្ចាស់ចំការ និងអាជីវករនឹងទទួលបានពី ពិធីសារដ៏មានសារសំខាន់មួយនេះ។ វិស័យផលិកម្មស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្ម ក្នុងស្រុកបានកាន់តែច្រើនផែមទៀត។
លោករដ្ឋមន្ត្រីបានអំពាវនាវ ឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថាកម្ពុជាមានឱកាសប្រកួតប្រជែង ប្រកបដោយកិត្តិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។
សូមជម្រាបថា តាមរយៈការចរចាលើឯកសារពិធីសារនេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា យ៉ាងស្វិតស្វាញស៊ីជម្រៅ លើសំណុំឯកសារស្នើសុំ របស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃ ដែលត្រូវបានហាមឃាត់ដោយភាគីចិន។
គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់ សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន២០ក្រុមហ៊ុន ម្ចាស់ចម្ការដែលមានផ្ទៃដីចំនួន២១,២៨៦ហិកតា ក្នុង១ឆ្នាំៗកម្ពុជាអាចប្រមូលផលស្វាយបានប្រមាណ១.៤លានតោន៕