(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់ តែមានភាពប្រសើរឡើង ជាពិសេសការលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអភិបាលខេត្តរតនគិរី មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តរតនគិរីយ៉ាងច្រើនកុះករផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តរតនគិរី ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេនិងគោលនយោបាយ កាត់បន្ថយតម្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង និងបានបន្ថែមថាខេត្តរតនគិរីបានក្លាយជាខេត្តគោលដៅទេសចរណ៍ ប្រកបដោយសក្តានុពលមួយយ៉ាងសំខាន់ ដែលបានធ្វើឱ្យខេត្តនេះមានការអភិវឌ្ឈឆាប់រហ័ស។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានរំឭកដែរថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីទាំងអស់អនុវត្តនូវវិធានការ នានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីទាំងអស់ នូវពាក្យស្លោកពីរឃ្លាថា៖ «សូមកុំសួរថាប្រទេសកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យប្រទេសកម្ពុជា» និងមួយឃ្លាទៀតថា «សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង»៕