(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានស្នើសុំលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយស្ថាបនាផ្លូវក្រាលកៅស៊ូពីទីរួមខេត្ត ទៅស្រុកវើនសៃ និងដាក់ភ្លើងស្តុបនៅផ្លូវក្នុងក្រុងបានលុង ដែលមានចរាចរណ៍មមាញឹកផងដែរ។ ជាការឆ្លើយតបលោកទេសរដ្ឋមន្រ្តី បានឯកភាពជាគោលការណ៍ថា នឹងស្ថាបនាផ្លូវក្រាលកៅស៊ូនេះ នៅឆ្នាំ២០២២ខាងមុខ។

ការស្នើសុំរបស់លោក ថង សាវុន បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។

ទន្ទឹមនឹងការស្នើសុំខាងលើនេះ អភិបាលខេត្តរតនគិរី ក៏បានសំណូមពរដល់លោកទេសរដ្ឋមន្ត្រ ជួយផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសការងារផ្លូវថ្នល់ ជូនដល់មន្រ្តីជំនាញក្នុងខេត្តទៀតផងដែរ។

នាឱកាសនេះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនក្នុងខេត្តរតនគិរី ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន ផ្លូវស្ពាន ដែលបានរួមចំណែកដល់សេដ្ឋកិច្ចខេត្ត ក្នុងការកសាងអភិវឌ្ឍន៍ខេត្ត និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនេះលោកក៏បានក្រើនរំលឹកដល់មន្ត្រីសាធារណៈក្នុងខេត្តរតនគិរី ត្រូវធ្វើយ៉ាងណា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ព្រោះតួនាទី ភារកិច្ចរបស់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាងជាតិមាតុភូមិប្រកបដោយចីរភាព។

លោកបានជម្រាបជូនអង្គពិធីផងដែរ អំពីគម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញ និងផលិតផលរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី បានក៏បានលើឡើងអំពីតួនាទីភារកិច្ចរបស់មន្ត្រីសាធារណៈ ក្នុងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។

លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើ ទំនើបកម្មលើការបម្រើសេវាសាធារណៈ។

ទាក់ទងនឹងការរីករាលដាលជាសកលជំងឺកូវីដ-១៩ លោកទេសរដ្ឋមន្រ្តី បានជំរុញរដ្ឋបាលខេត្តរតនគិរី ត្រូវបន្តយុទ្ធនាការអប់រំផ្សព្ធផ្សាយជូនដល់ប្រជាពលរដ្ឋ ពីវិធានការទប់ស្កាត់ ការការពារនៃការរីករាលដាលជំងឺកាចសាហាវនេះ បើទោះបីក្នុងប្រទេសកម្ពុជាមានការថមថយ ការរីករាលដាលក៏ដោយ ក៏មិនត្រូវភ្លេចខ្លួននោះឡើយ៕