(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅភូមិអូគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រវាងម៉ូតូម៉ាកស្តុបពី ពណ៌ឈាមជ្រូក លាយខ្មៅគ្មានស្លាកលេខ បុកជាមួយរថយន្ត Camry បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ពេលកំពុងដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ ម៉ៅ សុភ័ក្រ អាយុ១៨ឆ្នាំ រស់នៅភូមិសំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ មន្រ្តីនគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំ លុះមកដល់ចំណុចផ្លូវកោង ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានបុករថយន្ដម៉ាកToyota Camry សេរី1999 ពណ៌ទឹកមាសស្លាកលេខ ភ្នំពេញ 2H-2529 បណ្តាលឲ្យដួល រងរបួសធ្ងន់ រួចក្រោយមកបានស្លាប់តែម្តង។

អ្នកបើកបរមានឈ្មោះ ម៉ៅ សុវណ្ណារិទ្ធ អាយុ២៧ឆ្នាំ រស់នៅ ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជនរងគ្រោះ ក្រោយជួបគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅព្យាបាល នៅមន្ទីពេទ្យខេត្តកំពង់ធំ តែអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរបានយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។

ពេលដឹកយកទៅដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំបានដាច់ខ្យល់ស្លាប់។ ចំណែកឯវត្ថុតាងរថយន្ត និងម៉ូតូកំលាំងនគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕