(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ត្រូវបង្កើនការងារដើម្បីឆ្លើយតប និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋនៅពេលមានការរាយការណ៍ ក៏ដូចជាពាក្យបណ្តឹងរបស់ពូកគាត់។
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងតំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោកស្នងការរង អធិការរង និងសមាជិកក្រុមប្រតិកម្មរហ័សជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ បានរាយការណ៍ជូនអង្គប្រជុំនូវការងារដែលបានអនុវត្តកន្លងមក ដោយផ្តោតសំខាន់លើការផ្តល់ សេវាសាធារណៈការទទួលពាក្យបណ្តឹង ការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
លោកបានរាយការណ៍ថា ក្រុមការងារបានតាមដានឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ជាប្រចាំឲ្យបានទាន់ពេលវាលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេស ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាប្រចាំរាល់ខំមិន ដើម្បីឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស។
ជាមួយនោះដែរ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងក៏បានផ្តល់មតិចូលរួមល្អៗជាច្រើនដល់អង្គប្រជុំ ហើយលោកអធិការរង និងសមាជិកនៃអង្គ ក៏មានមតិចូលរួមជាច្រើនផងដែរ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានឆ្លើយតប ដោះស្រាយវាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកបុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវតែធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព។
ជាកិច្ចបញ្ចប់ លោកស្នងការរងតំណាងស្នងការ ក៏បានកោតសរសើរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យខិតខំបន្ថែមទៀត ដើម្បីទទួលបានជោគជ័យកាន់តែល្អប្រសើរឡើង៕