(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងជំរុញឱ្យអាជ្ញាធរក្រុង ស្រុក និងកងកំលាំងទាំងបី ត្រូវយកចិត្តទុកដាក់លើ ការងារបង្រ្កាប បទល្មើស គ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀនដែលមានសកម្មភាពស្ទើរតែគ្រប់ក្រុង ស្រុក និងមានកំណើនគួរឱ្យព្រួយបារម្មណ៍ដែលយើងទាំងអស់គ្នាត្រូវធ្វើ ការចាប់អារម្មណ៍ ដល់កំលាំងយុវជនដែលជាកំលាំង សំរាប់បន្តវេនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក គង់ សោភ័ណ្ឌ បានថ្លែងជំរុញយ៉ាងដូច្នេះនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភា របស់រដ្ឋបាលខេត្តកណ្ដាល ដោយមានការចូលរួមពីក្រុមអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នៅសាលាខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមដោយលើកវិធានការជាក់ស្តែងតាមមូលដ្ឋាន ក្នុងនោះកិច្ចសហការរវាងអាជ្ញាធរ កងកំលាំង ពិសេសកិច្ចសហការក្នុងការ ផ្តល់ព័ត៌មានពិត ច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ ប្រការកាន់តែសំខាន់គឺត្រូវរកមេខ្យល់ឱ្យបាន ដើម្បីធ្វើការបង្រ្កាប និងធ្វើការ អប់រំដល់យុវជន យុវនារី ដែលជឿលើការឃោសនារបស់មេខ្យល់ឱ្យដើរផ្លូវខុស នាំឱ្យបាត់បង់កិត្តិយស បាត់បង់សុភមង្គល និងអនាគតរបស់ខ្លួន។
ក្នុងកិច្ចប្រជុំនេះដែរ លោក គង់ សោភ័ណ្ឌ ក៏បានក្រើនរំលឹកដល់អជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ត្រូវពង្រឹងលើការងារប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាន របស់ខ្លួន ឱ្យបានជាប្រចាំ ដោយត្រូវបន្តការចុះជាប់ជាមួយប្រជាពលរដ្ឋ អប់រំ និងផ្សព្វផ្សាយវិធានការអនាមយ័របស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាលដើម្បីចៀសវាង ការឆ្លង រីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍៕