(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោករដ្ឋមន្ដ្រី វេង សាខុន បានឲ្យដឹងថា ផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។
លោក វេង សាខុន បានគូសបញ្ជាក់ថា តាមស្ថិតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចី (ចំណាស់) និងរហូតដល់ទុំ។
លោក វេង សាខុន ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្ដល់នូវថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទាន យ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រ។
លោកថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្ដកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ជាមួយនឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកភាពពន្លឿន កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
រដ្ឋមន្ដ្រីកសិកម្ម បានបន្ដទៀត រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅ សំខាន់ពាក់ព័ន្ធ នឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្ម ឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
សូមជម្រាបថា នេះជាជោគជ័យលើកទី២ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។
ក្រៅពីផ្លែស្វាយនេះ កម្ពុជា ក៏កំពុងចរចាជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។
ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា បន្ទាប់ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។
ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ដោយផ្ទាល់នេះ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរផងដែរ។
របាយកាណ៍ របស់ក្រសួងកសិកម្ម បានឲ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោនកើនឡើង ប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ។
កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងរួចហើយ ក្នុងការអនុញ្ញាតឲ្យផ្លែស្វាយស្រស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសកូរ៉េ៕