(ព្រៃវែង)៖ លោក នេត សាវឿន ប្រធានក្រុមការងារចុះពង្រឹង ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច និងក្រុមការងារថ្នាក់ជាតិ ជាច្រើននាក់ទៀត បានប្រារព្វពិធីអបអរសាទ ថ្ងៃ ៧មករា ខួបទី៣៧ គ្រប់ឃុំកាលពីពេលថ្មីៗនេះ និងបានបន្តចុះសួរសុខទុក្ខ ក្នុងការប្រកបមុខរបរជីវភាពប្រចាំថ្ងៃ ដោយចុះដល់ផ្ទះប្រជាពលរដ្ឋ និងនាំយកថវិកាមូលនិធិ សម្តេច ស ខេង អនុវត្តសកម្មភាពសំខាន់ៗ ជាច្រើនទៀត ជាមួយក្រុមប្រជាពលរដ្ឋ នេះបើយោងតាមរបាយការណ៍ក្នុងខែមករា ឆ្នាំ២០១៦នេះ។
យោងតាមរបាយការណ៍នៅក្នុងខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញឲ្យឃើញថា លោក នេត សាវឿន និងក្រុមការងារចុះពង្រឹងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានចុះប្រតិបត្តិការសកម្មភាពមួយចំនួនមានដូចជា៖ ១. ស្រុកស្វាយអន្ទរ មាន៤ឃុំ រួមមានឃុំព្រៃខ្លស ឃុំជ្រៃ ឃុំអង្គរទ្រេត និងឃុំពានរោង ហើយចែកជូនមូលនិធិសម្តេចក្រឡាហោម ស ខេង ជូនដល់គ្រួសារសព និងគ្រួសារឆ្លងទន្លេ ចំនួន ២៦៦គ្រួសារ (មួយគ្រួសារទទួល បានថវិកា ២០០.000៛) ។
ចំណែកសកម្មភាព ការងារមនុស្សធម៌ បានជូនថវិការគ្រួសារសព ៤.២00.000៛ ជាមួយគ្រឿងឧបភោបរិភោគ នៅឃុំព្រៃខ្លា និងសម្ភោធសមិទ្ធផលសាលារៀន០១ខ្នង និងបាន ចុះចែកថវិការបេឡាជាតិ ១.៥០០.០០០៛ ជូនគ្រួសារមរណអតីតយុវជន ២គ្រួសារ ព្រមទាំងការងារយុវជនសហការជួយជនក្រីក្រមួយចំនួន។ ២.ស្រុកកញ្រ្ជៀច : មាន៨ឃុំ រួមមាន ឃុំចុងអំពិល ឃុំកញ្ជ្រៀច ឃុំក្តឿងរាយ ឃុំគោកគង់កើត ឃុំគោកគង់លិច ឃុំព្រាល ឃុំថ្មពូន និងឃុំត្នោត ដោយចែកជូនមូលនិធិសម្តេចក្រឡាហោម ដល់ប្រជាពលរដ្ឋ២៣៧គ្រួសារ ក្នុងនោះស្រ្តីឆ្លងទន្លេ១៨០នាក់ និងគ្រួសារសព៥៧នាក់។ សរុបថវិកា៤៥,៦០០,០០០រៀល។
ក្រៅពីនោះក៏បានធ្វើវេទិកាសាធារណៈ៤លើក ស្មើរនឹង៤ឃុំ មានប្រជាជនចូលរួម៣៥៣នាក់ ស្រី១៧១នាក់ ប្រជាពលរដ្ឋសំណូមពរ៨សំណើ ពន្យល់ដោះស្រាយរួច៨សំណើ។ បន្ទាប់មក ក្រុមការងារសហភាព សហព័ន្ធយុវជនស្រុក បាននាំយកអំណោយជាថវិកា១,០៨០,០០០រៀល និងគ្រឿងឧបភោគបរិភោគមានអង្ករ មី ទឹកក្រូច ជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ និងប្រកួតកីឡាបាល់ទះ បាល់ទាត់ ក្នុងគោលបំណងសាមគ្គីភាពបានល្អ ចុងក្រោយ សម្ភោធសាលាឆាន់នៅវត្តព្រៃតាព្រំ ០១ខ្នង៕