(កំពង់ធំ)៖ អតីតយុទ្ធជនពិការចំនួន២គ្រួសារ នៅឃុំពីរផ្សេងគ្នា ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះថ្មីប្រគល់ជូន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីប្រគល់ជូននេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងនាយឧត្ដមសេនីយ៍ គន់ គីម និងមានការចូលរួមពីអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក រួមជាមួយ កងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមផងដែរ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ និងប្រជាជនក្នុងសម័យសង្គ្រាមកន្លងមក។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដោះស្រាយការលំបាកគ្រប់បែបយ៉ាងជូនដល់អតីតយុទ្ធជន ដែលបានរួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ រីកចម្រើនដូចសព្វថ្ងៃនេះ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ផ្ទះថ្មីដែលទើបបានសាងសង់រួច ប្រគល់ជូនរអតីតយុទ្ធជនពិការនៅពេលនេះមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុងឆ្អឹងដែក ជញ្ជាំង និងដំបូលប្រក់ស័ង្កសី កិនភ្លីរនាប ក្រាលក្តារ ជណ្ដើរកាច់ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ទី១៖ លោក ម៉ក់ ណារ៉ូន អាយុ ៦២ឆ្នំា អតីតយុទ្ធជនពិការជើងទាំងពីរ នៅក្នុងសមរភូមិផ្លូវជាតិលេខ១០ នៅខេត្តបាត់ដំបង មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន ៣នាក់ រស់នៅភូមិវាំង ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ទី២៖ លោក គង់ ពៅ អាយុ ៥១ឆ្នំា ជាអតីតយុទ្ធជនពិការជើងស្តាំ នៅក្នុងសមរភូមិ មានសមាជិកក្នុងបន្ទុកគ្រួសារ ចំនួន៦នាក់ រស់នៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ បាននាំយកនូវជំនួយ ឧបត្ថម្ភបន្ថែមរបស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ រទេះរុញសម្រាប់ជនពិការ១គ្រឿង និងថវិកាមួយចំនួនផងដែរ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានចាត់តាំងលោកវរសេនីយត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយជូន អំពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីឲ្យបងប្អូនបន្តការប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានការឆ្លងមេរោគកូវីដ១៩ ក្នុងក្រុមគ្រួសារក៏ដូចជាសហគមន៍។
គួរបញ្ជាក់ផងដែរថា ផ្ទះថ្មីទាំងពីរខ្នងនេះជាផ្ទះលើកទី១៥៧ និង១៥៨ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រគល់ជូនគ្រួសារតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ៕