(កំពង់ស្ពឺ)៖ ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីយានី ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៤២គ្រួសារ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព្រះរាជអំណោយ ត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ តាមរយៈសម្ដេចចៅហ្វាវាំងវីរៈវាងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំងវីរៈវាងជ័យអធិបតីស្រឹង្គារ គង់ សំអុល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីព្រះអង្គទាំងទ្វេ ចំពោះកូនចៅ និងចៅទួត ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ទាំង៣៤២គ្រួសារនោះផងដែរ៕