(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបដិសេធថា ខ្លួនពុំបានចាប់ ឬអនុវត្តច្បាប់ចំពោះសកម្មជនអាវក្រហមថៃ ដែលស្នាក់អាស្រ័យនៅកម្ពុជាទេ។ ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាក៏កំពុងស្រាវជ្រាវបន្តពាក់ព័ន្ធនឹងករណីនេះ ជាពិសេសតម្រុយដែលបង្ហាញក្នុងកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់បុគ្គលខាងលើ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចបដិសេធចំពោះការចាប់ខ្លួន លោក វ៉ាន់ឆាឡឺម ព្រោះសមត្ថកិច្ចកម្ពុជាមិនបានអនុវត្តច្បាប់ចំពោះបុគ្គលរូបនេះទេ។ ដោយឡែក វីដេអូកាមេរ៉ាពាក់ព័ន្ធនឹងបុគ្គលរូបនេះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត»។
និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
កាលពីម្សិលមិញ សមាជិកក្រុមអាវក្រហមរបស់ថៃមួយក្រុមតូច បានធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដោយទាមទារឱ្យមានការស៊ើបអង្កេតលើករណី លោក Wanchalearm Satsaksit ដែលពួកគេចោទថាត្រូវបានចាប់ពង្រត់រាជធានីភ្នំពេញ៕