(កណ្ដាល)៖ លោក ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ ព្រឺទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពល រដ្ឋ ដោយឥតគិតថ្លៃ នៅភូមិស្វាយលិច ភូមិស្វាយកើត ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមកទទួលយកសេវានាឱកាសនោះ លោក ម៉ម ប៊ុននាង បានលើកឡើងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធឱ្យបង្វែរទិសដៅឆ្ពោះទៅរកមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង សុខុមាលភាពប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាថែទាំសុខភាពឱ្យទៅដល់មូលដ្ឋាន ខិតជិតជាមួយប្រជាជន ដើម្បីឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនឹងនោះ លោក ម៉ម ប៊ុននាង បានសូមឱ្យប្រជាពលរដ្ឋមកទទួលយកសេវាថែទាំសុខភាព ឱ្យបានច្រើន ព្រោះការផ្តល់សេវាថែទាំពិនិត្យព្យាបាលនេះ មិនគិតថវិកា និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
លោកបញ្ជាក់ថា «សុខភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ពីព្រោះថា បើយើងជួបបញ្ហាសុខភាពមិនល្អនោះ ការប្រកបរបរចិញ្ចឹមជីវិត ក៏មានការលំបាកជៀសមិនផុតឡើយ ដូចនេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសត្រូវប្រកាន់ខ្ចាប់នូវពាក្យស្លោក ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវធ្វើអនាម័យ ទាំងក្នុង និងក្រៅផ្ទះឱ្យមានបរិស្ថានល្អ ដើម្បីចៀសផុតពីជម្ងឺដង្កាត់ផ្សេងៗ»។
ក្រៅពីការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋហើយនោះ លោក ម៉ម ប៊ុននាង បាននាំយកសំលៀកបំពាក់ និង កាបូបសិក្សា ចែកជូនដល់សិស្សានុសិស្សជាង ១០០នាក់ និងបានបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ មកពីភូមិស្វាយលិច ភូមិស្វាយកើត ភូមិលៀក ភូមិឈើនាង និង ភូមិកោកត្រប់ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មុង១ ភួយ១ មី១កេះ ទឹកត្រី១យួរ ស្កសរ១ គីឡូ និងអំបិល១គីឡូ ដែលសរុបថវិកាអស់ចំនួន ១២.៧២១.០០០រៀល៕