(ភ្នំពេញ)៖ នាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀនម្នាក់ បានរងរបួសបាក់ដៃ និងបែកចិញ្ចើមធ្ងន់ ក្នុងពេលបំពេញបេសកម្មដេញចាប់មុខសញ្ញាគាស់ផ្ទះ រហូតមកដល់ផ្លូវ៦០ម៉ែត្រ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តដឹកសម្ភារ មេន (បូជាសព) ចំណែកឯមុខសញ្ញាបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ (ចម្ងាយពីស្តុបផ្លូវបំបកជាបួន១០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាយរងប៉ុស្តិ៍សង្កាត់ទៀន នៃអធិការដ្ឋានខណ្ឌដង្កោ លោក អ៉ឹម ធាវី ពាក់ស័ក្តិ៣ បានបោះដៃហៅកម្លាំងជំនួយនៅគល់ដៅដទៃទៀត តាមរយៈវិទ្យុទាក់ទង (ID) ថា នៅមុនកើតហេតុ ខណៈពេលដែលគាត់កំពុងជិះម៉ូតូមកដូរវេនវិញ គាត់បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Viva ពណ៌ខ្មៅ (មិនចាំស្លាកលេខ) បើកបរឆ្លងកាត់មុខគាត់ក្នុងល្បឿនលឿន ដោយមានការសង្ស័យ និងជាមុខសញ្ញាគាស់ផ្ទះក្នុងមូលដ្ឋានរបស់គាត់ ទើបគាត់សម្រេចចិត្តប្រដេញតាមតែម្នាក់ឯង ដោយបានបោះដៃហៅកម្លាំងជំនួយនៅតាមគោលដៅពួនស្ទាក់ៗ ក្នុងខណ្ឌឱ្យចេញជួយអន្តរាគមន៍ផងដែរ។

តែដោយឃើញសមត្ថកិច្ចដេញតាមតែម្នាក់ឯង ជនសង្ស័យបានទាញកំប៉ុងស្រាបៀរ កប់ទៅលើសមត្ថកិច្ចដែលជានាយរងប៉ុស្តិ៍ ក្នុងពេលប្រដេញតាមផ្លូវ តែមិនបណ្ដាលឱ្យរបួសទេ ព្រោះគាត់គេចផុត ទោះជាយ៉ាងណាក្នុងនាមជាមន្ត្រីនគរបាល ទើបនាយរងប៉ុស្តិ៍ មិនប្រលែងជនសង្ស័យឱ្យរត់រួចខ្លួនបានងាយៗនោះទេ ដោយបានដេញតាមតាំងពីក្នុងសង្កាត់ទៀន រហូតឆ្លងកាត់សង្កាត់រលួស ក៏មានកម្លាំងកំពុងចេញជួយអន្តរាគមន៍ពីគោលដៅផ្សេងៗ ឆ្ពោះទៅគោលដៅដែលលោកនាយរងប៉ុស្តិ៍ ប្រាប់ថាតាមដល់ណាៗ ជាបន្តបន្ទាប់ផងដែរ។

លុះហួសប៉ុស្តិ៍រលួស មកដល់រង្វង់មូលនាងកាន់គួរស្រូវ ជនសង្ស័យ បាននាំគ្នាបន្ថែមល្បឿន បុកទៅតាមផ្លូវជាតិលេខ២ ដោយកម្លាំងប៉ុស្តិ៍ព្រែកកំពឹស បានចេញជួយអន្តរាគមន៍ ដោយត្រៀមលក្ខណរួចហើយ នៅមុខប៉ុស្តិ៍ តែដោយសារតែជនសង្ស័យមិនខ្លាចគ្រោះថ្នាក់ បានតម្រង់ទៅបុកទាំងសមត្ថកិច្ចដែលរងចាំស្ទាក់ផ្លូវទៀត តែជនសង្ស័យ គេចផុសបន្តិចក៏បន្ថែមល្បឿន រហូតបត់ឡើងមកផ្លូវ៦០ម៉ែត្រ។

ទើបកម្លាំងប៉ុស្តិ៍ដេញតាមប្រកៀកប្រកិត ពីក្រោយធ្វើឱ្យលោកពូជានាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀន ជួបគ្រោះថ្នាក់ចរាចរណ៍ ចូលមកគន្លងម្ខាងទៀតជ្រុលទៅបុកចំហៀងមុខផ្នែកខាងស្ដាំ រថយន្តម៉ាក KIA ដឹកសម្ភារមេន បូជាសពកំពុងធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតៗពេញទំហឹងបណ្ដាលឱ្យគាត់ដួលបោកផ្ទប់នឹងរថយន្តតែម្ដង និងបណ្ដាលឱ្យរងរបួសបែកថ្ងាសលើចិញ្ចើម និងបាក់ដៃខាងឆ្វេងផងដែរ ឃើញដូច្នេះជនសង្ស័យបានបន្ថែមល្បឿនគេចខ្លួនបាត់ ស្រមោលតែម្ដង ដោយមានកម្លាំងប្រដេញតាមដែរ តែតាមមិនទាន់ឡើយ។

បច្ចុប្បន្ន ក្រោយពេលកើតហេតុ នាយរងប៉ុស្តិ៍ដែលរងរបួសត្រូវបានលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល មកជួយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យរុស្សី។ ចំណែកឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕