(ស្វាយរៀង)៖ ការដឹកជញ្ជូនតាមផ្លូវទឹក គឺជាចាំបាច់មួយសម្រាប់ដឹកទំនិញគ្រប់ប្រភេទ ដែលអាចលើកស្ទួយសេដ្ឋកិច្ចជាតិបានមួយកម្រិត ចំណែកខេត្តស្វាយរៀង ពុំសូវមានការសារាចរទំនិញតាមផ្លូវនោះទេ ដូច្នេះអាជ្ញាធរខេត្តកំពុងរៀបចំឡើងវិញនូវការដំណើរការកំពង់ផែចាស់ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចកើនឡើង ក្រោយកូវីដ១៩បញ្ចប់។

បើតាមអាជ្ញាធរខេត្តស្វាយរៀង បានបង្ហាញថា កំពង់ផែចាស់ ឬកំពង់ផែអូរស្មាច់ ទុកចោលយូរហើយ កំពុងកែប្រែដើម្បីឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ចត្រៀម ពេលកូវីដ១៩បញ្ចប់ទៅ។

គម្រោងកសាងកំពង់ផែ និងការស្តាទន្លេវ៉ៃគោនេះ ដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលគិតមកដល់ថ្ងៃទី០៨ ខែមីថុនា ឆ្នាំ២០២០នេះ ការងារបូមស្តារទន្លេសម្រេចបាន ដូចខាងក្រោម៖

*ទី១៖ អ៊ិចស្កាជីកស្តាចាប់ដីទន្លេ បោះបានប្រវែង៤,៥០០ម៉ែត្រ
*ទី២៖ ម៉ាស៊ីនបូមសំអាតបាតទន្លេ បានប្រវែង៥០០ម៉ែត្រ ចាប់ពីបង្គោល ០បូក១០០ ពីកំពង់ផែទៅ។

ការកសាងកំពង់ផែ និងផ្លូវទឹកនេះ ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលកំពុងដំណើរការស្ថាបនានាពេលនេះ និងផ្តល់អត្ថប្រយោជន៍ ជាច្រើន ក្នុងការសម្រួលដល់ការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកទៅមក រវាងខេត្តស្វាយរៀង ប្រទេសកម្ពុជា និងខេត្តឡុងអាន ប្រទេសវៀតណាម នៅថ្ងៃអនាគត៕