(ក្រចេះ)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តអញ្ជើញចូលរួមធ្វើបទបង្ហាញ ស្តីពីការផ្តល់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តក្រចេះ សរុបប្រមាណ២០០នាក់។

ទន្ទឹមនេះ ក៏មានការអញ្ជើញចូលរួម ជាអធិបតីពីសំណាក់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុក, លោក ហាវ ពិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល, លោក ហ៊ាង សុខលីម តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងមន្ទីពាក់ព័ន្ធអមជុំវិញខេត្ត។

បន្ទាប់ពីបទអន្តរាគមន៍ស្វាគមន៍ របស់លោក វ៉ា ថន រួចមក, លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ ឲ្យបានជ្រាបអំពីគោលបំណង ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមកជួបបងប្អូននៅព្រឹកនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដោយអត្រាការប្រាក់អនុគ្រោះ ចំនួន៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៥.៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចធ្វើការផ្តល់ជូនឥណទាន រហូតដល់៨០ភាគរយនៃទ្រព្យធានា បំណុលដែលជាអចលទ្រព្យ។ លោកបានពន្យល់ ដល់បងប្អូនបន្ថែមទៀតថា ការទទួលយកទ្រព្យធានាបំណុល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានភាពបត់បែនច្រើន និងមានការអនុគ្រោះផងដែរ។

ក្រៅពីកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល លោក កៅ ថាច ក៏បានធ្វើការណែនាំអំពីផលិតផលឥណទាន ក្នុងគម្រោងផ្សេងៗទៀត របស់ធនាគារដែលជាអត្រាការប្រាក់អនុគ្រោះ ក្នុងករណីបងប្អូនប្រជាកសិករ ក្រុមផលិត របស់សហគមន៍ចាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនង ដើម្បីស្នើសុំឥណទានក្នុងគម្រោងទាំងនោះបាន។

ជាមួយគ្នានេះដែរ លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានធ្វើការស្នើសុំដល់បងប្អូនឲ្យរៀបផែនការច្បាស់លាស់ លើការដាំដុះ ការចិញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារ ឲ្យបានតាមតម្រូវការ និងចូលរួមកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង។

លោកក៏បានថ្លែងអំណរគុណ ដល់លោកអភិបាលខេត្ត ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ នូវគោលការណ៍ឥណទានដែលមានអត្រាការប្រាក់ទាប ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូននាឱកាសនេះ។

បន្ទាប់ពីចប់បទអន្តរាគមន៍ លោក កៅ ថាច ក៏បានអនុញ្ញាតឲ្យមានសំណូមពរ និងវេទិកា សំនួរ-ចំលើយ រវាងបងប្អូនប្រជាកសិករ តំណាងសហគម និងតំណាង ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្មផងដែរ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០១២ ៧០៦ ៦៣៦៕