(កំពង់ឆ្នាំង)៖ សត្វចៀម គឺជាប្រភេទសត្វ ដែលភាគច្រើនត្រូវបានគេចិញ្ចឹមនៅតាមបណ្ដាប្រទេសផ្សេងៗជាតំបន់ត្រជាក់។ សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង ពុំសូវមានអ្នកចិញ្ចឹមនោះទេ ដោយសារតែប្រទេសនេះជាតំបន់ក្តៅ និងម្យ៉ាងពិបាកក្នុងការនាំចូលពូជពីបរទេស ដើម្បីយកមកចិញ្ចឹមផងដែរ។

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅដល់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែង ស្ថិតនៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅតាមជួរភ្នំឱរ៉ាល់ ជាប់នឹងព្រំប្រទល់របស់ខេត្តកំពង់ស្ពឺ។ នៅក្នុងកសិដ្ឋាននេះ មានចៀមទាំងតូចទាំងធំ រហូតទៅដល់ជិត ១០០ក្បាល ដែលកំពុងដើរស៉ីនៅលើវាលស្មៅក្បែរជើងភ្នំ រំលេចទៅដោយទេសភាព ដ៏ស្រស់ត្រកាលនៅតាមជើងភ្នំ គួរឲ្យគយគន់ផងដែរ។

ជួបជាមួយម្ចាស់កសិដ្ឋានវ័យក្មេងនៅទីនេះ បានរៀបរាប់ឲ្យដឹងថា គ្រួសារគាត់បានមករស់នៅទីនេះ អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដោយបានប្រកបមុខរបរផ្នែកកសិកម្ម គឺដាំដំណាំផ្សេងៗ។ ជាពិសេស បានចាប់យកមុខរបរចិញ្ចឹមសត្វជាចម្បង ដោយដំបូងឡើយបានចាប់យកមុខរបរចិញ្ចឹមសត្វពពែ និងចៀម ដោយដាក់ចិញ្ចឹមដំណាលគ្នា។

បុរសរូបនេះ បានបន្តថា លុះក្រោយមកដោយសារការចិញ្ចឹមសត្វពពែមានការលំបាក ព្រោះពពែវាតែងតែដើរស៉ីដំណាំផ្សេងៗ ពោលមានភាពពិបាកក្នុងការឃ្វាល និងថែទាំ ទើបលោកបានលក់សត្វពពែចោល ហើយសម្រេចយកការចិញ្ចឹមចៀមមួយមុខប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានឲ្យដឹងទៀតថា ដំបូងឡើយលោកចិញ្ចឹមសាច់ចៀម ១០ក្បាលប៉ុណ្ណោះ ដោយជ្រើសយកមេ និងល្អៗ គឺជាការសាកល្បងចិញ្ចឹមលើកទី១។ បន្ទាប់មកការចិញ្ចឹមរបស់លោក ចេះតែកើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចាប់មេ និងលក់ចែកជូនអតិថិជនយកទៅចិញ្ចឹមបន្តផង និងលក់សាច់ផង ហើយវាក៏ចេះតែបន្តកើតកូនមកជាហូរហែរ។

ពាក់ព័ន្ធទៅនឹងតម្លៃរបស់សត្វចៀមវិញ លោកអះអាងថា ចៀមញីដែលល្មមបង្កាត់ពូជ ត្រូវបានលក់ក្នុង១ក្បាល ៣០០ដុល្លារ ចំណែកឯចៀមសាច់ គឺចៀមឈ្មោលលក់ថ្លឹងគីឡូ ក្នុង១គីឡូក្រាម ៧ដុល្លារ ដែលមានទម្ងន់ពី ៣០គីឡូក្រាម ដូច្នេះក្នុងចៀម១ក្បាល អាចលក់បានក្នុងតម្លៃ ២១០ដុល្លារឡើងទៅ។ ទាំងចៀមញី ដែលយកទៅបង្កាត់ពូជ និងចៀមឈ្មោលចិញ្ចឹមយកសាច់ គឺមានអាយុចាប់ ពី៦ខែ ទៅ៨ខែ គេអាចចាប់លក់បានហើយ។

បច្ចុប្បន្ននេះ ក៏មានអតិថិជនមកកម្មង់ទិញជាច្រើន តែចៀមរបស់ម្ចាស់កសិដ្ឋានក្បែរជើងភ្នំឱរ៉ាល់មួយនេះ មិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនបានឡើយ ដោយសារតែចំនួនសត្វចៀម នៅមានតិចតួច។ ទោះជាយ៉ាងណា បុរសវ័យក្មេងរូបនេះ អះអាងថា នៅថ្ងៃខាងមុខនេះ លោកនឹងកម្មង់ទិញចៀមពូជពីប្រទេសអូស្ត្រាលី ដើម្បីយកមកចិញ្ចឹមធ្វើពូជបន្ថែមទៀត ដោយតបតាមតម្រូវការនៅក្នុងទីផ្សារបច្ចុប្បន្ននេះ៕