(ភ្នំពេញ)៖ អាជ្ញាធរមីននាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានទទួលនូវអំណោយ ជាទឹកថ្នាំសម្លាប់មេរោគចំនួន១០០កាន (មួយកាន៣០លីត្រ) និងសម្ភារការពារ Covid-19 ពីសមាគមចំនួន៣ របស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺ Covid-19។

ពិធីប្រគល់ទទួលនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកំឡុងពេលដែលបានអនុញ្ញាតឲ្យ លោក វ៉ង ជាំង ប្រធានសមាគមសង្គ្រោះ ប្រជាជននៅកម្ពុជា, លោក ឈិន ជែឈាន់ អគ្គលេខាធិការសមាគម អ្នកវិនិយោគអន្តរពាណិជ្ជកម្ម និងលោក ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ លើវិស័យសកម្មភាពមីន និងវិធានការទប់ស្កាត់ ការរាលដាលជំងឺឆ្លងកូវីដ១៩ នៅកម្ពុជា។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យ ក្នុងនោះរួមមាន ជំនួយមនុស្សធម៌លើវិស័យមីន ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារ បច្ចេកទេសលើការងារបោសសម្អាតមីននៅកម្ពុជា និងបន្តជួយដល់កម្ពុជាអស់មីនត្រឹមឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដោយសារមានរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ មហាមិត្ត ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបង្ការទប់ស្កាត់ការរាតត្បាតជំងឺ Covid 19 ដើម្បីជួយសង្រ្គោះដល់អាយុជីវិត និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ ហើយលោកទេសរដ្ឋមន្រ្តី បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា ចិន គឺជាទំនាក់ទំនងដ៏ស្មោះត្រង់ ស៊ីជម្រៅ យូរអង្វែង និងរឹងមាំដូចដែកថែប។

ជាមួយគ្នានេះ លោក វ៉ង ជាំង ប្រធានសមាគមសង្គ្រោះប្រជាជននៅកម្ពុជា បានជម្រាបប្រាប់លោកទេសរដ្ឋមន្រ្តី សមាគមរបស់លោកមានបំណងគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលបន្ទុក ដល់ការងារវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងនោះរួមមាន ការបណ្តុះបណ្តាលការងារសង្រ្គោះបឋមដល់ក្រុមការងារ បច្ចេកទេសរបស់អាជ្ញាធរមីនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ឈិន ជែឈាន់ អគ្គលេខាធិការសមាគម អ្នកវិនិយោគអន្តរពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកសុខសន្តិភាព ពេញបរិបូរជាប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។

លោក ឈិន ជែឈាន់ បានបញ្ជាក់បន្ថែមថា កត្តាសុខសន្តិភាព និងការផ្តល់ទំនុកចិត្តគ្រប់បែបយ៉ាងនេះហើយ បានទាក់ទាញធ្វើឲ្យអ្នកវិនិយោគចិន ក៏ដូចជាអ្នកវិនិយោគពីប្រទេសដទៃទៀត ចូលមកបោះទុនរកស៊ីនៅកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។

សមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា គឺជាក្រុមជួយសង្គ្រោះមួយឈានមុខមួយនៅកម្ពុជា ដែលបានបង្កើតឡើងតាំងពីចុងឆ្នាំ២០០៨មក។ សមាគមនេះ មានបេសកកម្មចំនួន៤គឺ ការពន្លត់អគ្គិភ័យ ការសង្គ្រោះបន្ទាន់ ការសង្គ្រោះតាមអូប័រ និងការសង្គ្រោះតាមឧត្តម្ភាគចក្រ។ សមាគមនេះ បានចូលរួមជួយសង្គ្រោះ ជនរងគ្រោះពីការបាក់រលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែប ផងដែរ។

សមាគមអ្នកវិនិយោគអន្តរពាណិជ្ជកម្ម កម្ពុជា-ចិន គឺជាសមាគមដែលបង្កើតឡើង ដោយក្រុមមួយរបស់អ្នកវិនិយោគទុនជនជាតិចិននៅកម្ពុជា ដែលមកបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា។ សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយមានលោក Liu Wei ជាប្រធាន ហើយលោក ឈិន ជែឈាន់ ជាអគ្គលេខាធិការ៕