(បន្ទាយមានជ័យ)៖ បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រោយមាននគរបាលការពារ ព្រំដែនគោកលេខ៩១១ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ត្រី ស៊ា សៅឌី នាយប៉ុស្តិ៍ព្រៃគប់ ចុះបង្រ្កាបបានជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាច់កម៉ូតូ។

ហេតុការណ៍នេះ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ដា សុខណា (ហៅ វែង) អាយុ២៧ឆ្នាំ មុខរបរជួលម៉ូតូ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលជាម្ចាស់ម៉ូតូ ក្រុមជនសង្ស័យកាច់កម៉ូតូនោះ បានឲ្យដឹងថា នៅវេលាម៉ោងម៉ោង៤៖៥៣នាទីជាងយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែមិថុនា ម៉ូតូរបស់គាត់ ត្រូវបានជនសង្ស័យ៣នាក់ខាងលើ ធ្វើសកម្មភាពកាច់នៅក្នុងផ្ទះជួលមួយកន្លែង ខាងក្រោយនាគទិព្វ១ លុះព្រឹកឡើងបានឆែករកឃើញតាមរយៈប្រព័ន្ធ GPS ថា នៅភូមិព្រៃគប់ ជនរងគ្រោះបានទៅប្តឹងតាមមាត់នៅប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យបានភ្លាមៗ។

ម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាពនោះ មានម៉ាក ZOOMER ពណ៌ក្រហម-ស ឆ្នាំ២០១៨។ ជនសង្ស័យមានឈ្មោះ ទី១៖ សឹង ចំណាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ, ទី២៖ នួន សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ, ទី៣៖ ហេង ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១។

សូមបញ្ជាក់ថា ក្រោយកើតហេតុគេសង្កេតឃើញថា ក៏មានកងកម្លាំងនគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានចុះមកដល់ទីតាំងកើតហេតុផងដែរ។ ក្រោយមក នគរបាលការពារព្រំដែនលេខ៩១១ បាននាំខ្លួនជនសង្ស័យទាំង៣នាក់ ទៅកាន់ទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ៩១១ ដើម្បីសួរនាំ និងកសាងសំណុំ រឿងបញ្ជួន ទៅនគរបាលរដ្ឋបាលសង្កាត់៕