(តាកែវ)៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានច្រាលចោលចំពោះគណនី Facebook ដែលមានឈ្មោះថា «Khmer Khmer» ដែលបានចោទប្រកាន់ថា លោកជាអ្នកនៅពីក្រោយខ្នង ចាំការពារអ្នករកស៊ីគ្រឿងញៀន នៅក្នុងខេត្តតាកែវ គឺមិនពិតនោះទេ។

ការច្រានចោលចំពោះគណនី Facebook នេះបន្ទាប់ពីបានចុះផ្សាយលើបណ្តាញសង្គម ចោទប្រកាន់រូបលោកយ៉ាងដូច្នេះថា៖ «នេះហើយមុខអ្នករកស៊ីគ្រឿងញៀននៅខេត្តតាកែវ សុទ្ធតែបក្សពួករបស់វា រូបស្លៀកពាក់ស៊ីវិលម្នាក់នេះ ឈ្មោះ រ៉ាមិល គឺជាអ្នកជួញដូរ និងប្រើប្រាស់ហើយលក់ដូរយ៉ាងសកម្ម មានសមត្ថកិច្ចណារហានចាប់ទៅ ព្រោះអាងខ្នងគេធំឈ្មោះ រ៉ាមិល នេះក៏មានទោសកំបាំងមុខរឿងគ្រឿងញៀន៨ឆ្នាំ ដោយកាត់កំបាំងមុខ តែបើមានក៏ដូចអត់ដែរ ព្រោះគ្មានឃើញអ្នកណាដល់ពេលឡើយ ព្រោះគេមានលោក ង៉ែត ចាន់ធី នៅពីក្រោយខ្នងចាំការពារ។ តើយុត្តិធម៌មានដែរ ឬទេ?»

លោក ង៉ែត ចាន់ធី បានច្រានចោលយ៉ាងដូច្នេះថា៖ «ខ្ញុំទុកពេលឲ្យម្ចាស់ផេក Khmer Khmer ធ្វើការសុំទោសជាសាធារណៈ ក្នុងរយៈពេល១ម៉ោង ក្រោយផេកមួយនេះ បានចោទថាខ្ញុំរកស៊ីគ្រឿងញៀន»

លោក ង៉ែត ចាន់ធី បានបន្តថា ការចោទប្រកាន់លោកថារកស៊ីគ្រឿងញៀន ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានភស្តុតាងមកបញ្ជាក់បែបនេះ ម្ចាស់ផេកត្រូវចេញមុខមកសុំទោសលោកជាសាធារណៈ ប្រសិនបើម្ចាស់ផេកមិនចូលខ្លួនមកដោះស្រាយទេ លោកនឹងអនុវត្តទៅតាមផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយយោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក៏បានលើកឡើងដែរថា លោកតែងតែអប់រំកូនចៅក្រោមឱវាទ ឱ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន កុំប្រព្រឹត្តអ្វីដែលខុសច្បាប់ ជាពិសេសបញ្ហាគ្រឿងញៀន បើអ្នកណាប្រព្រឹត្តខុសត្រូវទទួលខុសត្រូវខ្លួនឯង ចំពោះមុខច្បាប់ ហើយសម្រាប់រូបលោកបញ្ហាគ្រឿងញៀននេះ លោកមិនដែលបៀតបៀននោះទេ ព្រោះលោកស្រឡាញ់កិត្តិយសគ្រួសារ និងសង្គម តែបើចំពោះបញ្ហាបង្រ្កាបគ្រឿងញៀន លោកបានធ្វើប្រាកដមែន។

គួបញ្ជាក់ថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានចាប់ខ្លួនលោក ឈុន សុមេធា នាយការរិយាល័យប្រឆាំងគ្រឿងញៀន របស់កងរាជអាវុធហត្ថខេត្តតាកែវ និងស្រ្តីម្នាក់ឈ្មោះ កេន ចាន់រី នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើផងដែរ៕