(ត្បូងឃ្មុំ)៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ ពិតជាមានសារៈសំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសទទួលរាល់ពាក្យបណ្តឹង និងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំណុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត។

នេះជាការអះអាងរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងបរិវេណសាលាស្រុកមេមត់។ ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុកមេមត់ មេឃុំ មេភូមិ និងមន្ត្រីរាជការជុំវិញស្រុក។

លោក ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤វិស័យ។ ក្នុងនោះ ក៏មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤វិស័យ សរុបសេវារាយចំនួន ២១១សេវា ជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួល របស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ បង្កើតឡើងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួល និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានណែនាំជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកមេមត់ ត្រូរយកចិត្តទុកដាក់សុខទុក្ខ និងដោះស្រាយកង្វល់បញ្ហានានាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ពិសេសចុះអប់រំ ណែនាំ និងបញ្ជ្រាបសារអប់រំ ក៏ដូចជាវិធានការនានា ដល់មូលដ្ឋានតាមខ្នងផ្ទះពលរដ្ឋ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាល រលកទី២ នៃមេរោគកូវីដ១៩៕