(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងថែមទៀត ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយ។

លោកថ្លែងដូច្នេះ នៅក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅអនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរបង្កើបង្កើនផល និងចិញ្ចឹមសត្វពាហនៈជាធម្មតាផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ អំឡុងមានវិបត្តិកូវីដ១៩។

លោក សុខ លូ បានបញ្ជាក់ថា «កូវីដ១៩ គឺជាជំងឺមួយដែលឆ្លងរាលដាលលឿន ហើយកាចសាហាវណាស់ ដែលយើងពិបាកប៉ាន់ស្មាន ដូច្នេះសូមពុកម៉ែបងប្អូនបង្កើននូវការយកចិត្តទុកដាក់ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ»

លោកថែមទាំងបានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពិនិត្យអ្នកដែលមានជីវភាពខ្វះខាតពិតប្រាកដ នៅតាមភូមិ-ឃុំ ដើម្បីយកអំណោយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទៅណាឆ្ងាយពីពលរដ្ឋទេ នៅចាំជួយជានិច្ច ដោយធ្វើសកម្មភាពចុះជួបជារៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងទាំងអស់។

ចុងក្រោយលោក សុខ លូ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ អំណោយ ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១យួរ កន្ទេល១ និងភួយ១៕