(តាកែវ)៖ ក្រុមសប្បុរសជននៅរាជធានីភ្នំពេញ និងព្រះសង្ឃដែលគង់នៅវត្តព្រៃម្លូ ស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត បានរួមគ្នាផ្ដល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១៥៧គ្រួសារ នៅក្នុងឃុំ២ របស់ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ក្នុងកម្មវិធីផ្តល់ជំនួយមនុស្សធម៌ ដែលបានធ្វើឡើងនៅទី០៧ ខែមិថុនា ឆ្នាំ២០២០, ព្រះច័ន្ទធម្មោ ថុង រី គង់នៅវត្តព្រៃម្លូ ឃុំត្រពាំងឈូក ស្រុកកោះអណ្ដែត មានសង្ឃដីកាថា នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះបញ្ហាជីវភាព ខណៈពេលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីកដាលជំងឺកូវីដ១៩ ដែលជំងឺនេះក្រៅតែពីបានបង្កប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាក៏បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ ជាពិសេសអ្នកដែលរស់នៅតាមទីជនបទ។

ព្រះច័ន្ទធម្មោ ថុង រី ក៏បានមានសង្ឃដីកាអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននានាត្រូវរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក និងត្រូវចេះចែករំលែកស្បៀងអាហារដល់អ្នកទីទ័លក្រ ដើម្បីជាកុសលទៅជាតិមុខ និងសក្តិសមជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលចិត្តសទ្ធាជ្រះថ្លា ជាពិសេសស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងជួបបញ្ហាលំបាក ដោយសារជំងឺកូវីដ១៩នេះ។

ព្រះអង្គមានសង្ឃដីកាថា «យើងទាំងអស់គ្នាគប្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឲ្យរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយត្រូវរស់នៅមានអនាម័យ សម្អាតលាងដៃនឹងអាកុល ឬសាប៊ូឲ្យបានជាប់ជាប្រចាំ ចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩»។

លោក អ៊ុង សេម ជាសប្បុរសជនម្នាក់ ដែលបានចូលរួមផ្ដល់ស្បៀង និងសម្ភារប្រើប្រាស់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត បានថ្លែងថា «ក្នុងនាមយើងទាំងអស់គ្នាជាខ្មែរដូចគ្នា យើងត្រូវចេះយកអាសារ និងជួយគ្នាទៅវិញទៅមក នៅពេលដែលប្រជាពលរដ្ឋខ្មែរយើង ជួបការលំបាកនានា»

លោកអះអាងថា ក្នុងនាមលោកជាពាណិជ្ជករខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក លោកនឹងបន្តស្វែករកជំនួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕