(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ យុទ្ធមិត្ត ដ៏ស្និទ្ធរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានប្រកៀកស្មាលើសមរភូមិរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត ប៉ុល ពត បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ដោយសាររោគាពាធ។
លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានប្រាប់ Fresh News ថា សពរបស់នាយឧត្តមសេនីយ៍ ញឹក ហួន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៅខាងក្រោយបន្ទាយដីអិន។
ជាមួយដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកសៅ និងនឹកស្រណោះជាខ្លាំង ដល់យុទ្ធមិត្ត ដ៏កម្សត់របស់សម្តេច នៅក្នុងដំណាក់កាលតស៊ូនេះ។
សម្តេចតេជោ បានថ្លែងនៅលើ Facebook របស់សម្តេចថា «មិត្តកម្សត់កម្ររបស់ខ្ញុំ គឺនាយឧត្តមសេនីយ ញឹក ហួន បានលាចាកពីក្រុមគ្រួសារ ពីមិត្តភ័ក្តិ ពីខ្ញុំរៀងរហូតហើយ។ រយៈពេល ៤៦ឆ្នាំដែលយើងស្គាល់គ្នា ពិសេសគ្រាដែលលំបាកបំផុតនាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលដែលយើងចាប់ផ្តើមវាយពួក ប៉ុល ពត ។ បងបានប្តូរផ្តាច់ការពារជីវិតខ្ញុំ ដោយសុខចិត្តស្លាប់ខ្លួនឯងក្នុងចំការមីន»។
សម្តេចតេជោ បានបន្តថា «យើងជាប់គុកជាមួយគ្នា ស៊ីអត់ស៊ីឃ្លានជាមួយគ្នា បារីមួយដើមជក់ជាមួយគ្នា។ល។ យើងបានកសាងកងទ័ពជាមួយគ្នាដើម្បីវាយពួក ប៉ុលពត ។ បងមានអាយុច្រើនជាងខ្ញុំ តែបងគោរពខ្ញុំ ពេលខ្ញុំមិនស្រួលខ្លួនបងចាប់ខ្ញុំ កោសខ្យល់ប្រៀបដូចបងថែទាំប្អូន។ ពេលលំបាកយើង យំទាំងអស់គ្នា តែពេលនេះបងលេងបានយំទៀតហើយនៅឡើយ តែខ្ញុំត្រូវបន្តយំស្តាយស្រណោះបង។ សូមជូនដំណើរបងត្រឹមនេះ តែបងនៅតែស្ថិតក្នុងបេះដូងខ្ញុំរហូតខ្ញុំអស់ជីវិត»។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសួរសុខទុក្ខលោក ញឹក ហួន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជាក់ លោក ញឹក ហួន គឺជាយុទ្ធមិត្ត ដែលបានស្រឡាញ់អាយុជីវិតរបស់សម្តេច ជាងអាយុជីវិត របស់ខ្លួនទៅទៀតទាំងនៅក្នុងសមរភូមិតស៊ូរំដោះជាតិ និងពេលបច្ចុប្បន្ន។ បើតាមសម្តេចតេជោ សូម្បីតែលោក ញឹក ហួន ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយក្តី តែមិនបានគិតពីស្ថានភាពជំងឺ ដែលជូលឆក់យកជីវិតនោះទេ នៅតែផ្តាំមិត្តភក្តិរួមអាវុធទាំងអស់ឲ្យ ការពារសម្តេចតេជោ ហ៊ុន សែន ជាប់ជានិច្ច។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា នៅយប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងដើរកាត់ចំការមីនជាប់ព្រំដែនកម្ពុជា-វៀតណាម លោក ញឹក ហួន បានរាវរក និងដោះមីន មុននឹងឱ្យសម្តេចដើរមួយជំហ៊ានម្តងៗ។ នៅពេលនោះ លោក ញឹក ហួន បាននិយាយថា បើលោកស្លាប់ ក៏ស្លាប់ចុះ ឱ្យតែសម្តេចតេជោ ហ៊ុន សែន នៅរស់ដឹកនាំការតស៊ូរំដោះជាតិ។
សម្តេចតេជោ បានបន្តថាលោក ញឹក ហួន មានស្នារដៃច្រើនចំពោះជាតិ៕