(កំពង់ស្ពឺ)៖ ដំណាំធុរេនត្រូវបានកសិករជ្រើសរើស យកមកដាំដោយទទួលបានផលយ៉ាងគាប់ប្រសើរ ហើយក៏ជាលើកទី១ដែរ សម្រាប់ដំណាំធុរេនក្នុងខេត្តកំពង់ស្ពឺ។

ដោយទទួលបានដំណឹងដ៏សែនរីករាយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះទៅដល់ចំការផ្ទាល់ និងបានពិនិត្យមើលការដាំដុះរបស់កសិករ។ ទន្ទឹមគ្នានោះ លោកអភិបាលខេត្ត បានផ្តល់នៅអនុសាសន៍អំពីការថែទាំ និងរបៀបដាំដុះបន្ថែម ឲ្យស្របតាមបច្ចេកទេសកសិកម្ម ដើម្បីឲ្យកសិករទទួលបាន ផលចំណេញទៅកម្រិតនៃការដាំដុះ។

យោងតាម Facebook, លោក វី សំណាង បានសរសេរថា «សូមជម្រាបជូនពុកម៉ែបងប្អូន មេត្តាជ្រាបថា កំពង់ស្ពឺក៏អាចដាំដំណាំធុរេន ទទួលបានផលយ៉ាង គាប់ប្រសើរផងដែរ។ ជាក់ស្តែងនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ខ្ញុំបាទ និងក្រុមការងារ បានទៅទស្សនកិច្ច នៅចំការទុរេនមួយ ស្ថិតនៅក្នុងភូមិស្រែព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យើងពិតជាមានមោទនភាព ចំពោះអ្វីដែលកសិករយើងធ្វើបាន»៕