(ក្រចេះ)៖ ក្រោយពីធ្វើការឡោមព័ទ្ធអស់រយៈពេល២ថ្ងៃមក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានរកឃើញឈើប្រភេទសុក្រមរាប់ពាន់ម៉ែត្រគូប ដែលក្រុមឈ្មួញគរទុកចោល ស្ថិតនៅលើផ្ទៃដី២គីឡូម៉ែត្រ៤ជ្រុង ក្នុងភូមិសាស្រ្តចំណុចអូរគរគី ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។
ឈើប្រភេទសុក្រមទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ក្រុមឈ្មួញប្រុងលោតឆ័ត្រនាំទៅកាន់ប្រទេសវៀតណាម ក្រោយពីជួលប្រជាពលរដ្ឋចូលទៅកាប់ ហើយយកមកគរទុកចោលនៅចំណុចខាងលើ។
លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh Newsថា កម្លាំងអាវុធហត្ថខេត្តក្រចេះរបស់លោក មានជាង១០០នាក់ ដាក់តាមគោលដៅ ហើយនៅកន្លែងយុទ្ធនាការបង្ក្រាបឈើទ្រង់ទ្រាយធំនោះ មានអាវុធហត្ថខេត្តក្រចេះ៤០នាក់ និងអាវុធហត្ថខេត្តស្ទឹងត្រែង មានចំនួន៤០នាក់។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា កម្លាំងអាវុធហត្ថទំាងពីរខេត្តកំពុងឈរជើងនៅទីនេះ រង់ចាំគណៈកម្មការជាតិ បង្ក្រាបបទល្មើសព្រៃឈើ ចុះមកទីតាំងលាក់ឈើដែលមានប្រមាណ១០០០ពាន់ម៉ែត្រគូបនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។ សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកាអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឡោមព័ទ្ធតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ ដែលនៅទីនោះមានឈើមុខកាត់ធំៗ ជាច្រើនដុំ ត្រូវបានក្រុមឈ្មួញគរទុកចោល ដើម្បីប្រុងនាំចេញទៅកាន់ប្រទេសវៀតណាម។