(ព្រះសីហនុ)៖ គ្រោះអគ្គិភ័យមួយ នៅខេត្តព្រះសីហនុ មិនត្រឹមតែបំផ្លាញផ្ទះចំនួន៦ខ្នង និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៏បានឆក់យកជីវិតក្មេងប្រុសអាយុ៤ឆ្នាំ ម្នាក់ផងដែរ។ សពក្មេងប្រុសរងគ្រោះត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងភ្នក់ភ្លើង យ៉ាងអណោចអធ័ម ក្រោយពីកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍បាញ់ពន្លត់ហើយនោះ។
សូមបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់វិញហើយ បន្ទាប់ពីឆេះអស់ផ្ទះ៦ខ្នង និងខូចខាតម៉ូតូ និងសម្ភារៈជាច្រើនផងដែរ, ហើយអគ្គិភ័យបានរលត់ទាំងស្រុងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ ៤គ្រឿង។ រថយន្តដែលចូលរួមជួយពន្លត់រួមមាន៖ របស់ស្នងការនគរបាលខេត្ត, អាវុធហត្ថខេត្ត និងកំពង់ផៃស្វយ័តក្រុងព្រះសីហនុ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងដែលឆេះនោះជាផ្ទះប្រជាពលរដ្ឋលក់កាំជ្រួច៕