(ភ្នំពេញ)៖ កាលពីខែតុលា ឆ្នាំ២០១៩ សុវណ្ណកុមារ Sovann Komar, LLC ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជុំវិញការរំលោភបំពានលើកុមារធ្ងន់ធ្ងរដោយ លោក សុធា អរុណ និងអតីតបុគ្គលិកនៅភូមិសុវណ្ណកុមារ ក្នុងរាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះរៀបរាប់លម្អិតអំពីការរំលោភបំពានធ្ងន់ធ្ងររួមមាន ការវាយដំលើរាងកាយ ការយាយីផ្លូវភេទ និងការធ្វើទារុណកម្ម។
ក្នុងរយៈពេល៨ខែចុងក្រោយនេះ លោក សុធា អរុណ អតីតនាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយនេះ បានប៉ុនប៉ងបង្វែរភាពយុត្តិធម៌តាមរយៈយុទ្ធសាស្រ្តជាច្រើនរួមមាន៖ ការបញ្ចុះបញ្ចូលមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឱ្យជ្រៀតជ្រែកក្នុងដំណើរការតុលាការលើបណ្តឹងប្រឆាំងនឹងខ្លួន, ការដាក់ពាក្យបណ្តឹងមិនពិតអំពីការប្លន់ប្រដាប់អាវុធប្រឆាំងនឹងមេធាវីរបស់អង្គការសុវណ្ណកុមារ, និងប្រើឧបាយកលគ្រប់គ្រងអនីតិជននៅភូមិសុវណ្ណកុមារជាដើម។ ទោះជាយ៉ាងនេះក្តី បណ្តឹងព្រហ្មទណ្ឌ២ ត្រូវបានបញ្ជូនទៅតុលាការដើម្បីប្តឹងប្រឆាំងនឹង លោក សុធា និងបក្ខពួករបស់ខ្លួន បណ្តឹងមួយពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់លានដុល្លារ និងបណ្តឹងមួយករណីទៀតទាក់ទងនឹងការរំលោភបំពានលើកុមារ។
កាលពីខែសីហា ឆ្នាំ២០១៩ លោក សុធា អរុណ និងសមាជិកមួយចំនួននៃថ្នាក់គ្រប់គ្រងរបស់អង្គការសុវណ្ណកុមារ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់បានប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរ រួមមានការរំលោភបំពានលើកុមារ ការធ្វើទារុណកម្ម និងការបង្អត់ចំណីអាហារដល់អនីតិជន។ ឪពុកម្តាយចិញ្ចឹមមួយចំនួន ក៏ត្រូវបានបញ្ឈប់ពីបទសមគំនិតជាមួយលោកសុធា អរុណ។
ក្នុងខែមករាឆ្នាំនេះ អនីតិជនម្នាក់នៃសុវណ្ណកុមា បានទទួលសារគំរាមពីគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន ដែលត្រូវបានសង្ស័យថាមានជាប់ទាក់ទងជាមួយ លោក សុធា អរុណ។ សារទាំងនោះរួមមានការគំរាមកំហែងនៃការយាយីផ្លូវភេទ និងប៉ុនប៉នសម្លាប់ ក្នុងគោលបំណងទាមទារឱ្យអនីតិជននោះគាំទ្រលោកសុធា អរុណ ប្រឆាំងនឹងនីតិវិធីរបស់តុលាការដែលគាត់កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញគណនីហ្វេសប៊ុកមួយចំនួន ដែលមានប្រភពចេញពីម្ចាស់តែមួយ និងបានបិទគណនីទាំងនោះចោល។ ថ្នាក់គ្រប់គ្រងថ្មីរបស់សុវណ្ណកុមារបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅរបស់អនីតិជននោះដើម្បីរក្សាសុវត្ថិភាពរបស់គាត់។
អនីតិជនដែលបានទទួលសារគំរាម គឺជាសាក្សីសំខាន់ក្នុងបណ្តឹងព្រហ្មទណ្ឌ ដែលកំពុងប្រឆាំងនឹងលោកសុធា អរុណ និងឪពុកម្តាយចិញ្ចឹមដទៃទៀត។
សារគំរាមកំហែងដែលអនីតិជន បានទទួលបានជំរុញឱ្យមានការស្រាវជ្រាវទូរស័ព្ទដៃរបស់កុមារ នៅក្នុងអង្គការសុវណ្ណកុមារ។ លទ្ធផលបានបង្ហាញពីសាររំខានដែលមានជាប់ទាក់ទងនឹង លោកសុធា អរុណនិងបក្ខពួក។ វាបានបង្ហាញឱ្យឃើញថា លោក សុធា អរុណ បានប្រាប់កុមារមួយចំនួនរួមទាំងកូនចិញ្ចឹមរបស់គាត់ ដែលស្ថិតនៅក្រោមគម្រោងរបស់អង្គការសុវណ្ណកុមារ ដើម្បីប្រមូលឧករណ៏ថតសម្លេង និងសម្ភារខុសច្បាប់មួយចំនួន រួមមានការប៉ុនប៉ងធ្វើអត្តឃាតក្លែងក្លាយដោយអនីតិជន ក្នុងគោលបំណងដើម្បីបញ្ឈប់នីតិវិធីប្រឆាំងនឹងគាត់។
កូនស្រីចិញ្ចឹមរបស់ លោក សុធា អរុណ ថែមទាំងបានផ្តល់លេខទូរស័ព្ទរបស់មន្រ្តីរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យកុមារដទៃទៀតតវ៉ា ដោយមានការព្រមានមិនឱ្យប្រាប់នរណាម្នាក់ថា លេខទូរស័ព្ទនោះ គឺបានមកពីឪពុកចិញ្ចឹមរបស់ខ្លួន។ លើសពីនេះទៀត នៅក្នុងទូរស័ព្ទទាំងនោះ គេបានរកឃើញនូវវីដេអូមួយ ដែលគេរៀបចំដើម្បីឲ្យកុមារ ៩នាក់ ផ្តល់សក្ខីកម្មសរសើរដល់លោកសុធា អរុណ។ លោក សុធា អរុណ បានបង្ហាញអាកប្បកិរិយាធ្វេសប្រហែស ចំពោះសុវត្ថិភាពរបស់កុមារដែលស្ថិតក្រោមការមើលថែរបស់គាត់ពីមុន។
អំពើរដ៏ឃោរឃៅមួយដែលត្រូវបានបញ្ជាក់ដោយសាក្សី បានបង្ហាញថាមានកុមារា ២រូបត្រូវបានឃុំឃាំង ធ្វើទារុណកម្ម និងបង្អាត់អាហារប្រមាណជាបីសប្តាហ៍នៅក្នុងអង្គការសុវណ្ណកុមារ ហើយកុមារទាំងពីររស់នៅដោយការទទួលទានផ្លែស្វាយដែលនៅក្បែរនោះ និងទទួលបានអាហារខ្លះពីឪពុកម្តាយចិញ្ចឹមផ្សេងទៀតដែលលួចយកឲ្យ។ នេះគឺជាការដាក់ទណ្ឌកម្មរបស់ លោក សុធា អរុណ ទៅលើកុមារម្នាក់ក្នុងចំណោមកុមារដទៃ ដែលប្រឆាំងចំពោះលោកពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ និងភាពមិនសមរម្យ ក្នុងការមានទំនាក់ទំនងផ្លូវភេទជាមួយនឹងសមាជិកដទៃទៀតក្នុងភូមិ និងប្រតិកម្មរបស់កុមាររូបនោះចំពោះការវាយធ្វើបាបយ៉ាងព្រៃផ្សៃលើកុមារពីររូបផ្សេងទៀត ពីសំណាក់ម្តាយចិញ្ចឹម (ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សុធា អរុណ) និងស្វាមីរបស់គាត់។
ភាពបង្អត់អាហារបស់កុមារទាំង២ បានបញ្ចប់នៅពេលឪពុកម្តាយចិញ្ចឹមជាច្រើននាក់នៅក្នុងភូមិបានអំពាវនាវឲ្យ លោក សុធា អរុណ អនុញ្ញាតឱ្យពួកគេផ្តល់អាហារដល់កុមារទាំងនោះ ដែលលោកបានផ្តល់លក្ខខណ្ឌតម្រូវឲ្យឪពុកម្តាយចិញ្ចឹម ចុះហត្ថលេខាលើលិខិតអនុញ្ញាតិជាផ្លូវការ ដែលផ្តល់ដោយ លោក សុធា។ ឯកសារនេះដែលមានភ្ជាប់ជាមួយនឹងហត្ថលេខារបស់ លោក សុធា ត្រូវបានរកឃើញឡើងវិញ រួមជាមួយនឹងសៀវភៅបញ្ជីដែលត្រូវបានរក្សាទុកដោយចុងចោទម្នាក់គឺ អ្នកស្រី ជាតិ ចាន់ មរកត អតីតគណនេយ្យករដែលបានចងក្រងឯកសារស្តីពីថ្ងៃ ដែលកុមារមិនទទួលបានអាហារ។
កុមារដទៃទៀតដែលប្រឆាំងនឹងសកម្មភាពរបស់ លោក សុធា អរុណ ក៏ត្រូវបានដាក់ទណ្ឌកម្មដែរ។ យោងតាមគោលការណ៍សមាហរណកម្មរវាង លោក សុធា អរុណ និងគ្រួសារបង្កើត បានបង្ហាញឱ្យឃើញថាកុមារមួយចំនួនត្រូវបានគេបណ្តេញចេញពីភូមិដោយបង្ខំ។
កុមារីម្នាក់ដែលត្រូវបានបណ្តេញចេញ ត្រូវបានគេរកឃើញនៅក្នុងស្ថានភាពគួរឱ្យសង្វែក នៅក្នុងតំបន់អនាធិបតេយ្យនៃរាជធានីភ្នំពេញ។ នាងត្រូវបាន លោក សុធា អរុណ កំណត់ជាគោលដៅដាក់ទណ្ឌកម្ម បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ថា បានលួចលុយពីបុគ្គលិកស្រីម្នាក់ដែលជិតស្និទ្ធជាមួយ លោក សុធា អរុណ។
កុមារម្នាក់ទៀតដែលត្រូវបានសមាហរណកម្ម ដោយ លោក សុធា អរុណ គឺកុមារាអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងពន្ធនាគារ ប្រើសម្រាប់ឃុំមនុស្សពេញវ័យមួយ នៅក្នុងរាជធានី ភ្នំពេញ។ លោកសុធា អរុណ បានលាក់បាំងកន្លែងស្នាក់នៅរបស់ខ្លួន ពីក្រុមស៊ើបអង្កេតនៅឆ្នាំ២០១៩។ ដោយមានការយល់ព្រមពីក្រុមស៉ើបអង្គេត អនីតិជនទាំងនោះត្រូវបានវិលត្រឡប់ទៅក្នុងភូមិវិញ។ ចំពោះកុមារពីរនាក់ក្នុងចំនោមកុមារបីនាក់ ដែលបានសមាហ័រណកម្ម លោក សុធា អរុណ បានអះអាងថា «ឪពុកម្តាយ» មិនមែនជាឪពុកម្តាយបង្កើតទេ។
ក្រុមការងារផ្នែកច្បាប់ដែលទទួលបានសិទ្ធិស្របច្បាប់ពីអង្គការសុវណ្ណកុមារ អិលអិលស៉ី កំពុងប្រមូលភស្តុតាង និងពិនិត្យឯកសារនានា ដែលបញ្ជាក់អំពីព័ត៌មានប្រមូលបានពីបាយការណ៍មុនធ្វើឡើងដោយស្ថាប័នឯករាជ្យ ដែលត្រូវបានលាក់បាំងដោយ លោក សុធា និងបក្ខពួក។
បន្ថែមលើសក្ខីកម្ម ភ័ស្តុតាងថ្មីបានបង្ហាញឱ្យឃើញថាឯកសារដែលបង្ហាញពីវាយដំធ្វើបាបកុមារគ្រោះនៅក្នុងភូមិ។ ភ័ស្តុតាងបង្ហាញថា លោក សុធា អរុណ មានការជួយជ្រោមជ្រែងពីអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ និងទីប្រឹក្សាជាច្រើនរូប ដែលធ្លាប់បានគ្រប់គ្រងភូមិ ដូចរបបសក្ដិភូមិ ការបង្កើតឲ្យមានបរិយាកាសវាយដំធ្វើបាប ដែលកុមារជាជនរងគ្រោះទទួលរងនូវការវាយដំធ្វើបាប និងការធ្វេសប្រហែសលើការយកចិត្តទុកដាក់ពីគ្រួសារចិញ្ចឹម ខណៈដែលកុមារដទៃទៀត ត្រូវបានគេថែរក្សាយ៉ាងល្អ ទៅតាមទំនាក់ទំនងដែលពួកគេមានជាមួយ លោក សុធា អរុណ។ ឪពុកម្តាយចិញ្ចឹមខ្មែរមួយចំនួនធំ នៅក្នុងគម្រោងអង្គការនេះ បានចេញមុខមកផ្តល់សក្ខីកម្មប្រឆាំងនឹងលោកសុធា អរុណ និងបក្ខពួករបស់គាត់។
បន្ទាប់ពីបញ្ឈប់បុគ្គលិកចាស់ៗ ក្រុមគ្រប់គ្រងថ្មីត្រូវបានបង្កើតឡើងនៅឯអង្គការសុវណ្ណកុមារ ដើម្បីការពារកុមារ។ នៅខែសីហា ឆ្នាំ២០១៩ ក្រុមសន្តិសុខ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សុធា អរុណ នៅក្នុងភូមិត្រូវបានបញ្ឈប់នៅចំពោះមុខមេធាវីខ្មែរ ហើយក្រុមសន្តិសុខថ្មីមួយត្រូវបានបង្កើតឡើង។ អតីតក្រុមសន្តិសុខទាំងអស់ ទទួលបានសំណងបញ្ចប់កិច្ចសន្យាសមស្របទៅតាមច្បាប់កម្ពុជា។ លោកសុធា អរុណ និងបក្ខពួកបានព្យាយាមបង្ខូចឈ្មោះបុគ្គលិកថ្មីជាលេស ដើម្បីឱ្យអតីតបុគ្គលិក និងឪពុកម្តាយចិញ្ចឹមដែលបង្ករហឹង្សាចំពោះកុមារត្រឡប់ទៅភូមិវិញ ប៉ុន្តែមិនត្រូវបានទទួលការអនុញ្ញាតឡើយ។
បណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌបន្ថែមទៀតត្រូវបានដាក់នៅថ្ងៃទី០៨ ខែវិច្ឆិកា ទាក់ទងនឹងការឆរបោក ហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងភូមិ ដែលក្នុងនោះលោក សុធា អរុណ និងបុគ្គលដទៃទៀតត្រូវបានជាប់ពាក់ព័ន្ធ។
សុវណ្ណកុមារ អិលអិលស៉ី Sovann Komar, LLC និងក្រុមប្រឹក្សារបស់ Golden Children Inc កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត និងបានដាក់ចេញនូវគោលការណ៍ការពារកុមារឱ្យបានពេញលេញ។
លោកស្រី Kara Heide ជាអ្នកគ្រប់គ្រងអង្គការសុវណ្ណកុមារ និងជាសមាជិកក្រុមប្រឹក្សា Golden Children បានថ្លែងថា «ពួកយើងមានមោទនភាពចំពោះភាពអត់ធ្មត់របស់កូនៗយើង ក៏ដូចជាសុចរិតភាព និងការលះបង់របស់ក្រុមអ្នកគ្រប់គ្រងថ្មីរបស់ពួកយើង»។
ម្ចាស់ជំនួយចម្បងនៅពីក្រោយសុវណ្ណកុមារ នៅតែប្តេជ្ញាចិត្តឈរលើចក្ខុវិស័យរបស់អង្គការសុវណ្ណកុមារដដែល ដើម្បីបង្កើតគេហដ្ឋានប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅកម្ពុជាដើម្បីឱ្យកុមារមានការអភិវឌ្ឍទៅរកសក្តានុពលពេញលេញរបស់ខ្លួន៕