(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គងក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិ។
លោកបន្តថា មកដល់បច្ចុប្បន្ន វិស័យពុទ្ធសាសនា ក៏បានពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ព្រះភិក្ខុ សៀង ម៉ាប់ ជាព្រះចៅអធិការថ្មី វត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូ រតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានវត្តមាននិមន្តចូលរួមពីសំណាក់ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជឧបការីផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ប៊ូ គ្រី ព្រមទាំងព្រះមេគណទាំងពីគណៈ ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើន កុះករផងដែរ។
លោក ផាន់ ចាន់ធុល បានលើកឡើងពីការបាត់បង់ស្ទើរតែសាបសូន្យទៅហើយ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនានិងហេដ្ឋារចនាសម្ព័ន្ធនានា តែដោយគុណបុណ្យស្មារតី ០២ ធ្នូ ១៩៧៨ និងថ្ងៃជ័យជនះ ៧ មករា ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដោយមិនប្រកាន់គណៈមហានិកាយ គណៈធម្មយុត្តិកនិកាយ ឬឥស្លាមសាសនា និងសាសនាកត្តាលិស។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ «ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រាន់ប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយសន្ដិភាព យុត្ដិធម៌ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅប្រទេសណាក៏គេមានសាសនា ដើម្បីគោរពបូជា តាមប្រពៃណីទំនៀមទម្លាប់ របស់ខ្លួនផងដែរ។ ដូច្នេះព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។
ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ បានមានសង្ឃដីកា ផ្តល់នូវពុទ្ធឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយ យកទៅគោរពបដិបត្តិ ទៅតាមគន្លងនៃវិន័យព្រះសម្មាសម្ពុទ្ធ ដែលជាព្រះបរមគ្រូនៃយើង បានចងក្រងជាគម្ពីបិដក ឲ្យគោរពទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ហើយវត្តអារាមជាទីជំរក អប់រំរិយាធម៌ ដល់ពុទ្ធ បរិស័ទ យុវជន ដែលជាទំពាំងស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្តសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តី ថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើ ហិង្សា សង្គម។
នៅក្នុងឱកាសនោះដែរ ព្រះរាជមហាមន្រ្តី ងួន ឧស្សាហ៍ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ សំខាន់ ព្រះភិក្ខុ សៀង ម៉ាប់ ចៅអធិការវត្តថ្មី ដោយព្រះអង្គជាអ្នករម្ងាប់អធិករណ៍ និងសហការ គ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និងអប់រំពុទ្ធសាស និកជន ឲ្យរៀនសូត្របដិបត្តិធម៌ និងវិន័យ មានបិដកជាគោល ហើយរួមសាមគ្គីរវាងព្រះសង្ឃ ពុទ្ធបរិស័ទ ពិសេសការពង្រីកនូវវិស័យ ពុទ្ធកសិក្សា និងអភិវឌ្ឍន៍ ព្រមទាំងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល និងថ្នាក់ដឹកនាំខេត្ត បានប្រកេនអង្ករ ចំនួន ៥០០គីឡូក្រាម និងបច្ច័យចំនួន ២១៤០០០រៀល និង៧០០ដុល្លារ ដល់ព្រះភិក្ខុ សៀង ម៉ាប់ ព្រះចៅអធិការវត្តថ្មី សម្រាប់ប្រើប្រាស់ជាក់ស្តែងនៅក្នុងវត្ត៕