(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តធ្វើការផ្សព្វផ្សាយ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្នុងតំបន់ដាច់ស្រយ៉ាមួយចំនួន នៅតំបន់រលាក់កងជើង ភូមិតាំងបំពង់ ឃុំតាលា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំងបំផុត ចំពោះជំងឺកាចសាហាវ (កូវីដ១៩) មួយប្រភេទនេះ។
ការបន្តចុះផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត គិន ប៊ុនលី លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា លោកវេជ្ជបណ្ឌិត ភោគ គឺន លោកវេជ្ជបណ្ឌិត តូច យ៉ាន លោកស្រីឱសថការី សេងតេង ច័ន្ទមាលី លោក វង្ស វ៉ាន់នី លោក ពាង ផារ័ត្ន វេជ្ជបណ្ឌិត ថូ ប៉ូ វេជ្ជបណ្ឌិត សាយ ឬទ្ធី វេជ្ជបណ្ឌិត លន់ សាយតេង វេជ្ជបណ្ឌិត ចៅ ពន្លឺ លោក អ៊ុក សីហា អនុប្រធានប្រតិបត្តិ រួមនឹងវេជ្ជបណ្ឌិតជំនាញជាច្រើនរូប និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៦នាក់។
ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ប្រធានគណបក្សស្រុក ក្រុមការងារគណបក្សស្រុក គណបក្សឃុំតាសាល មណ្ឌលសុខភាព ជា ស៊ីមឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា សរុប២៤នាក់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ រួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង, ក្រពះនិងពោះវៀន និងបានចែកថ្នាំ មុលទីវីតាម៉ីន និងវីតាម៉ីនសេ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ក្រៅពីការចុះណែនាំ ផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៦៣ខ្នងផ្ទះ សរុបមានចំនួន២៦៩នាក់។
ក្រៅពីការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស់ ចំនួន៥០០
២៖ នំប៉័ង ចំនួន៦០០ដើម
៣៖ ទឹកសុទ្ធ ចំនួន៥០០ដប
៤៖ សាប៊ូ ចំនួន ៣០០ដុំ
៤៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និង វិធីទប់ស្កាត់កូវីដ១៩ ចំនួន ៣០០សន្លឹក។
សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕