(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង ២៥២ គ្រួសារដោយផ្ទាល់ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរថ្នាក់សង្កាត់ ភូមិត្រូវយកចិត្តទុកដាក់លើការធ្វើបណ្ណក្រីក្រជូនពលរដ្ឋ នាកំលុងវិបត្តិកូវីដ-១៩។
ប្រជាពលរដ្ឋក្រីក្រចំនួន ២៥២ គ្រួសាររស់នៅក្នុងសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងកំលុងការរាតត្បាតជំងឺកូវីដ-១៩ ដែលត្រូវបានទទួលកញ្ចប់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង ២៥២ គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ១ដប ត្រីខ ២កំប៉ុងស្ករស ១គីឡូក្រាម អំបិល ១គីឡូក្រាម មី ៥កញ្ចប់ សាប៊ូ ១ដុំ ម៉ាស ១០សន្លឹក ក្រមា ១ អាល់កុល ១ដបតូច និងថវិកា ២០,០០០រៀល។
នាឱកាសនោះ លោក អ៉ិត សំហេង បានថ្លែងថា ចំពោះប្រជាពលរដ្ឋគ្រប់ប្រភេទនៅតាមសហគមន៍ដែលរងគ្រោះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យក្រុមការងារចុះស្រាវជ្រាវស្ថិតិ ដើម្បីចុះក្នុងបញ្ជីបណ្ណក្រីក្ររបស់ក្រសួងផែនការ ហើយខាងមុខនេះរាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានការជួយឧបត្ថម្ភជាថវិកាគ្រួសារក្រីក្រ ដើម្បីធានាបាននូវជីវភាពប្រចាំថ្ងៃជាពិសេសគឺម្ហូបអាហារ។
សម្រាប់ប្រជាពលរដ្ឋដែលជួបការលំបាក ក្រុមការងារតាមសង្កាត់នឹងបន្តចុះជាប់ជាប្រចាំ ហើយប្រជាពលរដ្ឋក៏អាចរកចៅសង្កាត់ ឬមួយមេភូមិ ដើម្បីរៀបរាប់អំពីការលំបាករបស់ប្រជាពលរដ្ឋ ហើយស្នើសុំការគាំទ្រពីក្រុមការងារ ក្រុមការងារនឹងខិតខំរកវិធីដោះស្រាយជូនបន្ទប់ឱ្យប្រជាំពលរដ្ឋណាម្នាក់រងគ្រោះរហូតដល់ដាច់ស្បៀង ដោយមិនបានទទួលការយកចិត្តទុកដាក់នៅឡើយ នេះជាគោលការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕