(រតនគិរី)៖ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តរតនគិរី លោក ថង សាវុន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំសមាជិកជាង ៦០នាក់ ចូលរួមសម្អាតអនាម័យបរិស្ថាន រើសសំរាម និងផ្សព្វផ្សាយពីវិធីបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ នៅតំបន់រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម។
ក្នុងឱកាសនេះ លោក ថង សាវុន បានលើកឡើងពីការយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ដើម្បីបរិស្ថានស្អាតក្នុងក្រុង ស្រុក ក៏ដូចជាតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាផងដែរ។
លោកបានសង្កត់ធ្ងន់ថា ការចុះសម្អាតបរិស្ថានតាមតំបន់រមណីយដ្ឋានធម្មជាតិ បឹងយក្សឡោមពីសំណាក់សមាជិក ស.ស.យ.ក ពេលនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់ទេសចរណ៍ឲ្យបានស្អាត និងមានសោភ័ណ្ឌភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងកាលៈទេសៈនៃការថមថយវិបត្តិកូវីដ-១៩ ឬក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ដូចនេះហើយ ទើបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធមួយចំនួន ទៀតចូលរួមថែរក្សាសម្អាត តាមបណ្តតំបន់ទេសចរណ៍ផ្សេងៗ ឲ្យមានសោភ័ណ្ឌភាព ស្របតាមគោលការណ៍របស់រដ្ឋបាលខេត្ត ដែលកំពុងយកចិត្តទុកដាក់ បើកយុទ្ធនាការសម្អាតជាប្រចាំផងនោះ។
ទាក់ទងនឹងការរាតត្បាតជំងឺកូវីដ-១៩ លោកបានដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិបឹងយក្សឡោម ធ្វើយ៉ាងណាត្រូវចូលរួម និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការលាងសម្អាតដៃជាប្រចាំ និងសម្អាតបរិស្ថានជុំវិញទីប្រជុំជន និងទីតាំងកន្លែងលក់ដូររបស់ខ្លួន ហើយត្រូវដាក់ឡាបូលាងដៃ និងទឹកអាកុល ឬជែលដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគាត់មានការទុកចិត្តទៅលើអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ ក្រុមការងារបានចាក់ឧឃោសនស័ព្ទ ផ្សព្វផ្សាយសារអប់រំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជា២ភាសា គឺភាសាជនជាតិដើមភាគតិច និងភាសាខ្មែរ ព្រមទាំងចែកជូនម៉ាសដល់ភ្ញៀវទេសចរចំនួន ៣០០ម៉ាស ខិតប័ណ្ណចំនួន ៣០០សន្លឹក និងដាក់បដាធំចំនួន ១ផ្ទាំងផងដែរ៕