(ភ្នំពេញ)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្នើប្រជាពលរដ្ឋចូលរួមបន្តថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសជាតិ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោក វេង សាខុន ស្នើបែបនេះ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសលោកនិងសហការី នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងចំនួន ៣០០គ្រួសារ ដែលពិធីនេះបានរៀចំក្នុងបរិវេណវត្តព្រះកែវសាគរទ្រាន នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម និងអញ្ជើញចូលរួមដាំកូនឈើ ប្រគេនចង្ហាន់ដល់ព្រះចៅអធិការវត្តចំនួន ៤៨វត្ត នៅទូទាំងស្រុកកំពង់សៀម និងសម្ភោធផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រវែង ១០០០ម៉ែត្រ។
លោក វេង សាខុន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតីធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសបានល្អប្រសើរ ហើយបានធ្វើឲ្យប្រទេសកម្ពុជាមានកិត្តិយសឡើងវិញ ដែលរស់នៅស្មើមុខគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។ ត្រង់ចំណុចនេះ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកប្រធានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសជាតិ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកថែមទាំងសុំឲ្យសហការី អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តអនុសាសន៍ របស់សម្តេចតេជោ ត្រូវយកចិត្តទុកដាក់ចុះមូលដ្ឋានក្តាប់ឲ្យបានអំពីបញ្ហា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងទូលំទូលាយ ក្នុងទិសដៅជំរុញ និងពន្លឿនការអភិវឌ្ឍ ប្រទេសជាតិជាជំហានៗ សមស្របតាមស្ថានភាពជាក់ស្តែង នៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។
ឆ្លៀតយកឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធិបរិស័ទ មកពីទីជិត ឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ តាជី យាយជី អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងសមាជិក សមាជិកា ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រានប្រមាណ ៤៥០នាក់ លោក វេង សាខុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី មកជូនពលរដ្ឋទូទាំងស្រុកកំពង់សៀម និងដោយឡែកឃុំទ្រាន ហើយសម្តេចបានជូនពរឲ្យប្រជាពលរដ្ឋ ក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាព ចៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។
បន្ទាប់មក លោកប្រធានបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសភាពការណ៍របស់ប្រទេសជាតិ ស្ថានភាពជំងឺកូវីដ-១៩ ជីវភាព ការងារបង្កបង្កើនផល ការទទួលសេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការអនុវត្តគោលនយោបាយ ក៣ និងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ញារបស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសកលកូវីដ-១៩។
ភ្ជាប់ទៅនឹងសមិទ្ធផលដ៏ថ្មីស្រឡាងសម្រាប់ឃុំទ្រានាថ្ងៃនេះ គឺផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១០០០ម៉ែត្រ (ប្រើថវិកា ១១០០០ដុល្លារ) លោកបានថ្លែងអំណរគុណ ដល់សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទ ព្រះចៅអធិការ និងសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាថវិកាជាកម្លាំង ដើម្បីកសាងផ្លូវនេះឡើងសម្រាប់ទុកជូនឲ្យពលរដ្ឋឃុំទ្រាន ទុកប្រើប្រាស់ជាប្រយោជន៍បម្រើឲ្យសកម្មភាពជីវភាពប្រចាំថ្ងៃ និងសូមទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។ ចំពោះពលរដ្ឋដែលជាម្ចាស់ផ្លូវ លោកសុំឲ្យជួយថែរក្សា ការពារឲ្យបានគង់វង្សល្អដើម្បីទុកជាប្រយោជន៍ រួមទាំងពេលបច្ចុប្បន្ន និងអនាគត។
សម្រាប់អំណោយនាព្រឹកនេះ មានអង្ករ ២៥គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៉ីអីវ ១យួរ ថវិកា ២០០០០រៀល ព្រះចៅអធិការវត្តទ្រាន ១០០០ដុល្លារអាមេរិក និងព្រះចៅអធិការទាំង ៤៨វត្ត ក្នុងមួយវត្តៗទទួលបានចង្ហាន់ និងថវិកា ១០០០០០រៀលផងដែរ៕