(ភ្នំពេញ)៖ បើករថយន្តលឿនដូចហោះទៅបុករបាំងថ្មទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចយ៉ាងដំណំ តែសំណាងល្អ មិនមានអ្នករងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលគេឃើញរថយន្តមួយគ្រឿនម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-0100 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះ គេឃើញអ្នកបើកបររថយន្តបង្កខាងលើ រត់គេងខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕