(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ឬ Ultra-Marathon លើកដំបូង នៅតំបន់អង្គរ ប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០១៦ នាចុងសប្ដាហ៍ក្រោយ។
ព្រឹត្តិការណ៍នេះ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា(NOCC) សហការជាមួយអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកកម្ពុជាឲ្យបានកាន់តែច្រើនថែមមួយកំរិតទៀត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC បានឲ្យដឹងថា «ចំណុចចាប់ផ្ដើមនៃព្រឹត្តិការណ៍ Ultra-Marathon នឹងរត់ចេញពីទីលានព្រជល់ដំរី ជុំវិញតំបន់អង្គរ ឬវង់ធំ (ប្រហែល៤២គីឡូម៉ែត្រ) ជាច្រើនជុំ ក្រោយមកគឺបញ្ចប់នៅទីនោះដដែល ។ ប៉ុន្ដែក្នុងចម្ងាយ ១២៨គីឡូម៉ែត្រអត្តពលិកចូលរួម ត្រូវប្រើរយៈពេល១ថ្ងៃកន្លះ ដើម្បីរត់ ដោយគ្រាន់តែឈប់សម្រាក និងញុំាអាហារសំរ៉ន់បន្ដិចបន្ដួចប៉ុណ្ណោះ ។ និយាយរួមគឺត្រូវរត់ទាំងយប់ទាំងថ្ងៃតែម្ដង ហើយមកទល់នឹងពេលនេះមានអត្តពលិកជិត ២០០នាក់ មកពី ២៦ប្រទេសលើពិភពលោកហើយ ដែលបានចុះឈ្មោះចូលរួម ជាពិសេសគឺភ្ញៀវបរទេសមកពីតំបន់អឺរ៉ុបតែម្ដង»។
លោកបានបញ្ជាក់ទៀតថា នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ចម្លែកដ៏អស្ចារ្យនេះ ដែលនឹងរៀបចំឡើងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍ ហើយ ក៏ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏សម្បូរបែប ពិសេសគឺប្រាសាទអង្គរវត្តតែម្ដង ដែលភ្ញៀវទេសចរណ៍លើពិភពលោកកំពុងចាប់អារម្មណ៍ ។ ដូច្នេះការរៀបចំព្រឹត្តិការណ៍ Ultra-Marathon នេះលោកជឿជាក់ថា មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលរួមរត់កម្សាន្ដនោះទេ ថែមទាំងអាចទាញយកចំណូលឲ្យកម្ពុជាបានបន្ថែមទៀតផងដែរ៕