(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានជំរុញឲ្យប្រជាពលរដ្ឋបន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺឆ្លងរាតត្បាត COVID-19 ដែលកំពុងវាយប្រហារជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលកើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។ បុរសដែលរកឃើញមានកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា ហើយបុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមិថុនា។ សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ។
ក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២៥២គ្រួសារ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តទួលទំពូង លោករដ្ឋមន្ត្រី អ៊ិត សំហេង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាឲ្យបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាស់រៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុលឲ្យបានញឹកញាប់។
លោករម្លឹកថា COVID-19 គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍ ព្រោះមានលក្ខណៈឆ្លងរហ័សមិនថា អ្នកមានឬអ្នកក្រ ចាស់ឬក្មេងសុទ្ធតែអាចប្រឈមនិងការឆ្លង ប្រសិនណាមិនបានការពារឲ្យបានភ្ជាប់ភ្ជួន។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែល មានការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូន។ សម្ដេចតេជោបានលើកឡើងនូវពាក្យស្លោកមួយថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះ ឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានឡើយ»។
អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរបានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត។ ប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ដែលត្រូវទទួលអំណោយនៅព្រឹកនេះមានចំនួន២៥២នាក់ មកពីសង្កាត់ទាំង៥របស់ខណ្ឌចំការមន។
លោកអភិបាលខណ្ឌបានបន្តថា ពលរដ្ឋក្រីក្រនៅក្នុងខណ្ឌចំការមន មានចំនួនសរុប៨០៤គ្រួសារ ក្នុងនោះមានប័ណ្ណសមធម៌ចំនួន២៩២គ្រួសារ និងគ្រួសារដែលគ្មានបណ្ណសមធម៌ មានចំនួន៥១២គ្រួសារ។
គួរបញ្ជាក់ថា ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២៥២គ្រួសារនេះ ដោយ១គ្រួសារទទួលបានសម្ភារដូចជា៖ អង្ករ ១០គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ០១ដប ត្រីខ០២កំប៉ុង ស្ករស០១គីឡូក្រាម អំបិល០១គីឡូក្រាម មី០៥កញ្ចប់ សាប៊ូ០១ដុំ ម៉ាស១០សន្លឹក ក្រមា ០១ អាល់កុល ០១ដបតូចថវិកា ចំនួន២ម៉ឺនរៀលក្នុង១គ្រួសារ៕